(វ៉ាស៊ីនតោន)៖ អណ្តាតភ្លើងបានឆាបឆេះយន្តហោះដឹកទំនិញខ្នាតធំមួយគ្រឿងរបស់ក្រុមហ៊ុន FedEx នៅពេលដែលវាបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ក្នុងរដ្ឋ ផ្លូរីដា សហរដ្ឋអាមេរិក ហើយបានបង្ខំឲ្យអាកាយានដ្ឋានបិទទ្វារអស់រយៈពេលជាច្រើនម៉ោងដែលនេះ គឺជាករណីទីពីរហើយនៃការឆេះយន្តហោះ នៅអាមេរិកក្នុងថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញ​ផ្សាយ ដោយស្ថានីយ៍ទូរទស្សន៍ CNN នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ឬហៅកាត់ថា FAA បានឲ្យដឹងថាហេតុការណ៍នេះបាន កើតឡើងបន្ទាប់ពីកង់របស់យន្តហោះ Boeing MD-10 ដែលបានធ្វើប្រតិបត្តិការដឹក​ជញ្ជូនទំនិញនៅ​ក្នុង ជើងហោះហើរលេខ៩១០ និងចេញដំណើរមកពីរដ្ឋ Tennessee នោះបានបាក់នៅពេលចុះចតហើយ ក៏បានធ្វើឲ្យស្លាបផ្នែកខាងឆ្វេងរបស់យន្តហោះទៅកកិតជាមួយនឹងផ្លូវ បង្កជាអណ្តាតភ្លើង​ឆេះរោលឡើងតែម្តងទៅ។

គ្រោះអគ្គិភ័យនេះផងដែរ បានបណ្តាលឲ្យស្លាបផ្នែកខាងឆ្វេងរបស់យន្តហោះផ្ទុះឆេះ និងម៉ាស៊ីននៅ ចំហៀងនោះរងការខូចខាត ខណៈទំនិញរបស់ក្រុមហ៊ុន FedExនិងផ្ទៃខាងក្នុងនៃយន្តហោះមិនបាន ទទួលរងការប៉ះពាល់នោះឡើយ ចំណែកឯពីឡុតរបស់យន្តហោះទាំងពីររូប និងជាមនុស្សតែ ពីរនាក់គត់ដែលស្ថិតនៅលើនោះ បានចាកចេញពីក្នុងនោះបានទាន់ពេលវេលាដោយប្រើជណ្តើរ សង្រ្គោះបន្ទាន់តាមផ្នែកខាងស្តាំនៃយន្តហោះ។

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃសៅរ៍ដដែលនេះ ក៏មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតរបស់ ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលបានឆេះនៅលើផ្លូវចុះចតនៅព្រលាន យន្តហោះអន្តរជាតិ O'Hare ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិកផងដែរ ប៉ុន្តែពុំបានបណ្តាលឲ្យ មនុស្សបាត់បង់ជីវិតឡើយ ដោយគ្រាន់តែមានអ្នករងរបួសស្រាលមួយចំនួនតូចប៉ុណ្ណោះ៕