(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញបញ្ជាឲ្យបង្កើត ក្រុមស៊ើបអង្កេតពិសេសមួយដើម្បីតាមដាន និងស្រាវជ្រាវរកមូលហេតុចម្បងដែលបណ្តាលឲ្យមាន ការបរាយជ័យផ្ទួនៗគ្នា នូវការបាញ់សាកល្បងមីស៊ីល Musudan ដែលមានរយៈចម្ងាយមធ្យមរបស់ខ្លួន បន្ទាប់ពីបានសង្ស័យថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានជាប់ទាក់ទងនឹងរឿងនេះ។ នេះបើតាមការ ចេញផ្សាយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។

លោក Kim Heung-Kwang ជាអតីតមន្រ្តីដែលបានរត់ភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «លោក គីម ជុងអ៊ុន បានដាក់បញ្ជារឲ្យបង្កើត​ក្រុម​ស៊ើបអង្កេត ពិសេសមួយដែលមានអ្នកជំនាញប្រហែល៦០នាក់ ដើម្បីបើកការស្រាវជ្រាវយ៉ាងល្អិតល្អន់ជាទីបំផុត ទៅលើវិស័យការពារជាតិកូរ៉េខាងជើង ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកាតទៅក្នុងគោលបំណង រកឲ្យឃើញពីមូលហេតុពិតប្រាកដដែលបានបង្កភាពបរាជ័យ ជាច្រើនលើកច្រើនសារដល់ការសាកល្បង មីស៊ីលផ្លោង Musudan»

ការបើកការស៊ើបអង្កេតទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងដោយសារតែប្រមុខដឹកនាំកំពូលផុតលេខ របស់ប្រទេសកូរ៉េខាងជើងមានជំនឿយ៉ាងមុតមាំថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងច្បាស់ជាមាន ការជាប់ពាក់ព័ន្ធនឹងករណីនេះ ដោយអាជ្ញាធរកូរ៉េខាងជើងបានជឿជាក់ថា ភ្នាក់ងារចារកម្មរបស់អាមេរិក និងកូរ៉េខាងត្បូង បានធ្វើអ្វីម៉្យាងដែលបង្កជាបញ្ហាប៉ះពាល់ដល់ផ្នែកមួយចំនួនរបស់មីស៊ីល ដោយរួមបញ្ចូលទាំងបន្ទះឈីបសៀគ្វីដែលត្រូវបាននាំចូលមកពីបរទេសថែមទៀតផង។

ជាមួយគ្នានេះដែរ អ្នកដែលស្ថិតនៅក្រោមការស៊ើបអង្កេតខាងលើ គឺបុគ្គលដែលបានជាប់ពាក់ព័ន្ធ ជាមួយនឹងការផលិតមីស៊ីល Musudan ទាំងអស់ដោយលោក Kim Heung-Kwang បានអះអាង យ៉ាងដូច្នេះថា «រាល់មន្រ្តីនិងបុគ្គលិកដែលបានចូលរួមក្នុងការបង្កើត និងបង្ហោះមីស៊ីលទាំងប៉ុន្មានលើក កន្លងមកនេះ បច្ចុប្បន្នត្រូវបានហាមឃាត់មិន​ឲ្យធ្វើដំណើរចាកចេញពីប្រទេស​នោះឡើយហើយទូរស័ព្ទដៃ របស់ពួកគេត្រូវបានអាជ្ញាធរកូរ៉េខាងជើងរឹបអូសយកទៅត្រួត​ពិនិត្យមើលកំណត់​ត្រានៃការសន្ទនា របស់ពួកគេ»។ ប្រសិនបើរកឃើញមែននោះ យើងពិបាកនឹកស្មានដល់ណាស់ ថានឹងមានរឿងអ្វីកើត ឡើងសម្រាប់ជនក្បត់បក្ស៕