(ប៉េកាំង)៖ ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយ ជាលក្ខណៈស្តីបន្ទោសទៅលើរដ្ឋាភិបាលឥណ្ឌា ដែលបានអញ្ជើញសម្តេចសង្ឃ ដាឡៃឡាម៉ា នៃតំបន់ទីបេទៅបំពេញទស្សនកិច្ច​នៅតំបន់​ព្រំដែន​រវាង ប្រទេសចិន-ឥណ្ឌា ហើយចិនបានព្រមានថាទង្វើនេះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនង រវាងប្រទេសមហាយក្សទាំងពីរ។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។

ជំនួយការជាន់ខ្ពស់នៃសម្តេចសង្ឃ ដាឡៃឡាម៉ា បានប្រាប់សារព័ត៌មាន Reuters ដូច្នេះថាព្រះអង្គ បានទទួលយកការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌារួចហើយ ថានឹងបំពេញទស្សនកិច្ចទៅកាន់រដ្ឋ Arunchal Pradesh ដើម្បីធ្វើទស្សនកិច្ចនៅតំបន់ព្រំដែនកំពុងមានជម្លោះ។ ព្រះសង្ឃ ដាឡៃឡាម៉ា ដែលមានព្រះជន្ម ៨០ឆ្នាំទៅហើយ និងជាអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពមួយអង្គដែរនោះ តែងតែបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេស ឬតំបន់ដែលជាសម្ព័ន្ធមិត្តអាមេរិក ហើយមានទំនោរប្រឆាំងនឹងទីក្រុងប៉េកាំង ក្នុងនោះក៏មានកោះតៃវ៉ាន់ផដែរ។

គួរបញ្ជាក់ថាប្រទេសចិនបានអះអាងអធិបតេយ្យលើផ្ទៃដីជម្លោះ ៩០,០០០គីឡូម៉ែត្រក្រឡាជាមួយនឹង ប្រទេសឥណ្ឌា ស្ថិតនៅភាគខាងកើតនៃជួរភ្នំហិម៉ាល័យ។ ចំពោះផ្ទៃដីដែលបានអះអាងនេះ គឺភាគច្រើន ស្ថិតនៅក្នុងរដ្ឋ Arunchal Pradesh របស់ប្រទេសឥណ្ឌា ដែលប្រទេសចិនហៅថា តំបន់ទីបេខាងត្បូង៕