(វ៉ាស៊ីនតោន)៖ ខណៈពេលនេះទីភ្នាក់ងារ FBI សហរដ្ឋអាមេរិក កំពុងបើកការស៊ើបអង្កេតទៅលើសារអេឡិចត្រូនិចបន្ថែមទៀត ដែលជាផ្នែកកមួយនៃការស្រាវជ្រាវ និងតាមដានទៅលើករណីប្រើប្រាស់ អ៊ីម៉ែលឯកជនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ហើយនេះគឺជារឿងថ្មីមួយទៀតដែលអាចប៉ះពាល់ជាខ្លាំងដល់បេក្ខភាព ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះបាន ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាន់តែខិតចូលមកកៀកមែនទែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channle News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។

លោក Jame Comey ដែលជាប្រធានការិល័យស៊ើបអង្កេតសហព័ន្ធ ឬហៅកាត់ថា FBI របស់សហរដ្ឋអាមេរិក បានថ្លែងនៅក្នុងលិខិតដែលត្រូវបានផ្ញើទៅកាន់ ក្រុមអ្នកតាក់តែងច្បាប់ជាន់ខ្ពស់ថា ទីភ្នាក់ងារ FBI នឹងធ្វើការស៊ើបអង្កេតបន្តដើម្បីកំណត់ឲ្យបានថា តើសារអ៊ីម៉ែលមួយចំនួនរបស់លោកស្រី គ្លីនតុន ដែលត្រូវបានគេរកឃើញនៅពេលថ្មីៗនេះ មានផ្ទុកនូវព័ត៌មានសំងាត់ជាតិ​ពិតប្រាកដ​មែន ឬយ៉ាងណា ហើយលោកមិនច្បាស់ថា វានឹងត្រូវប្រើរយៈពេល យូរប៉ុណ្ណាក្នុងការសម្រេចការងារថ្មីនេះនោះទេ។

គួរបញ្ជាក់ថា បន្ទាប់ពីព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល ត្រូវបានរកឃើញនៅក្នុងសារអេឡិចត្រូនិចមួយចំនួនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ទីភ្នាក់ងារ FBI បាន ចំណាយពេលជិតមួយឆ្នាំ ដើម្បីស៊ើបអង្កេតទៅការប្រើប្រាស់ប្រព័ន្ធអ៊ីម៉ែលដោយគ្មានការអនុញ្ញាតរបស់បេក្ខភាពប្រធានាធិបតីរូបនេះ អំឡុងពេលដែលលោកស្រី នៅធ្វើជារដ្ឋមន្រ្តីការបរទេស៕