(វ៉ាស៊ីនតោន)៖ អ្នកដំណើរនិងសហសេវិកសរុបចំនួន១៧០នាក់ ដោយក្នុងនោះមានមនុស្ស២០នាក់ បានទទួលរងបួស បន្ទាប់ពីមានការឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ នៅផ្នែកខាងស្តាំនៃម៉ាស៊ីនយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅឯអាកាសយានដ្ឋានអន្តរជាតិ O’Hare ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។

តាមសម្តីអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ American Airlines លោកស្រី Leslie Scott បានឲ្យដឹងថា មុនពេលកើតហេតុបន្តិចពីឡុត នៃយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 767 ដែលបានត្រៀមថានឹងហោះចេញដំណើរទៅកាន់ទីក្រុង Miami នោះបានរាយការណ៍ជាបន្ទាន់ទៅកាន់ទីភ្នាក់ងារពន្លត់អគ្គិភ័យ ប្រចាំព្រលានយន្តហោះថា បញ្ហាទាក់ទងនឹងម៉ាស៊ីនរបស់យន្តហោះបានកើតមានឡើង។

លោកស្រី Scott បានឲ្យដឹងទៀតថា ចំនួន២០នាក់បានទទួលរងបួសស្រាល នៅពេលដែលព្យាយាមរួសរាន់ចាកចេញពីយន្តហោះដែលត្រូវបានភ្លើងឆេះ ប៉ុន្តែគ្មាននរណាម្នាក់រងគ្រោះដោយសារតែអគ្គិភ័យនេះឡើយ ហើយអ្នកទាំងអស់នោះ ក៏ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។

គួរបញ្ជាក់ដែរថា យន្តហោះដឹកអ្នកដំណើរខាងលើនេះ មានផ្ទុកប្រេងសាំងប្រមាណ ៤៣,០០០ផោននៅលើនោះ ហើយបើក្រុមពន្លត់អគ្គិភ័យទៅជួយសង្រ្គោះ មិនបានទាន់ពេលវេលាទេនោះ វាប្រហែលជាបានក្លាយជាសោកនាដកម្មមួយជាក់ជាមិនខាន៕