(អ៊ីស្ដង់ប៊ូល)៖ សារព័ត៌មានរដ្ឋ Anadolu ​បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋអាជ្ញាតួកគីបានចេញដីកា បង្គាប់ឱ្យឃុំខ្លួនអ្នកបើកបរយន្ដហោះចម្បាំង៧៣នាក់ ភាគច្រើនជាអនុសេនីយ៍ទោ ក្រោមបទសង្ស័យថាមាន ជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីខែកក្កដា កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។

Anadolu បានឱ្យដឹងទៀតថាប្រតិបត្តិការនេះ មានគោលដៅទៅលើអ្នកគាំទ្របុព្វជិត Fethullah Gulen ដែល កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក និងត្រូវបានទីក្រុងអង់ការ៉ា ចោទថាជាមេក្លោង​នៃការធ្វើរដ្ឋប្រហារ មិនបានសម្រេច ត្រូវបានធ្វើឡើងដោយផ្ដោតសំខាន់ទៅលើមូលដ្ឋានទ័ពអាកាសមួយ ស្ថិតនៅកណ្ដាល ប្រទេសតួកគីនៃខេត្ត Konya និងបានរីករាលដាលក្នុងខេត្តចំនួន១៧។ ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកដទៃទៀត កងទ័ពច្រើនជាង២០០នាក់រួមទាំងជនស៊ីវិលជាច្រើននាក់ក៏ត្រូវបានឃុំខ្លួនផងដែរ ជុំវិញប្រតិបត្តិការរបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថាគិតចាប់តំាងពីខែកក្កដាមក អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្ស៣៥,០០០នាក់ និងបានបណ្ដេញ ឬបញ្ឈរជើងមន្ត្រីនានាពី​ការងារចំនួន១០០,០០០នាក់ ទំាងនៅក្នុងវិស័យ​ឯកជន យោធា ចៅក្រម រដ្ឋអាជ្ញា ប៉ូលិស ឬក៏អ្នកទំាងឡាយណា ដែលគេសង្ស័យថា​បានគាំទ្រលោក Fethullah Gulen៕