(ប៉េកាំង)៖ អាជ្ញាធរចិនបានអះអាងនៅថ្ងៃពុធនេះថា ការផ្ទុះដ៏ខ្លំាងក្លានៅក្នុងអាគារមួយកន្លែងស្ថិតនៅខេត្ត Shaanxi  ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ ក្នុងនោះមានកុមារ២នាក់ ស្លាប់បាត់បង់ជីវិត និង១៤៧នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃចន្ទនោះ គឺបណ្ដាលមកពីសារធាតុផ្ទុះស្ដុកទុកដោយខុសច្បាប់ នៅក្នុងអាគារនោះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅ​មុននេះ បន្តិចនាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែលបានបន្ថែមទៀតថា អាជ្ញាធរចិនបានឃាត់ខ្លួនមនុស្ស៣នាក់ ក្រោមការសង្ស័យថា មានជាប់ពាក់ ព័ន្ធនឹងការផ្ទុះនេះដែលបានកើតឡើង នៅម៉ោងប្រមាណជា ១៤៖០០នាទីកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ Xinmin នៃស្រុកFugu ស្ថិតនៅក្នុងខេត្ត Shaanxi។

គួរបញ្ជាក់ថាហេតុការណ៍ផ្ទុះរបៀបនេះ តែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសចិន ជាក់ស្ដែងកាលពីឆ្នាំ  ២០១៥ការផ្ទុះរោងចក្រស្ដុកសារធាតុគីមីនៅទីក្រុងកំពង់ផែ Tianjin ​បានផ្ដាច់យកជីវិតមនុស្ស​១៦៥នាក់ និងបង្កការខូចខាតសេដ្ឋកិច្ច រាប់រយរាប់ពាន់លានដុល្លារអាមេរិកឯណោះ៕