(មូស្គូ)៖ នៅថ្ងៃពុធនេះប្រទេសរុស្ស៊ីបានបង្ហាញឲ្យពិភពលោកបានឃើញ នូវអាវុធនុយក្លេអ៊ែរដែលធំជាងគេ បង្អស់ និងមានអនុភាពដ៏មហាសាលរបស់ខ្លួន ដែលមួយគ្រាប់គឺគ្រប់គ្រាន់​ក្នុងការកម្ទេច​ប្រទេសអង់គ្លេស ឬប្រទេសបារាំងឲ្យបាត់ចេញពីផែនទីពិភពលោកបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent របស់ចក្រភពអង់គ្លេសនៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។

មានសេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន មានគំរោងចង់ធ្វើការ ផ្លាស់ប្តូរអាវុធការពារជាតិស្នូលរបស់ប្រទេសរុស្ស៊ី SS-18 Satan ដែលមានអាយុកាល​ជាច្រើនទសវត្សរ៍ មកហើយនោះ ដោយងាកមកប្រើប្រាស់គ្រាប់មីស៊ីល-នុយក្លែអ៊ែរ RS-28 Sarmat ឬហៅថា Satan 2 វិញ នៅចំពេលដែលមានភាពមិនចុះ​សម្រុងគ្នាជាច្រើនជាមួយ​នឹងបណ្តាប្រទេស​លោកលិច។

គួរបញ្ជាក់ថាមីស៊ីល Satan 2 អាចធ្វើដំណើរបានក្នុងល្បឿន៧គីឡូម៉ែត្រក្នុងមួយវិនាទី និងមានរយៈចម្ងាយ ១០,០០០គីឡូម៉ែត្រ ហើយនៅពេលដែលប្រទេសរុស្ស៊ីផលិតបានសម្រេច នឹងដាក់ឲ្យ​ដំណើរការនៅក្នុង ឆ្នាំ២០១៨ ខាងមុខនេះ។ រុស្ស៊ីបានអះអាងថាវានឹងធ្វើឲ្យគ្រាប់បែកនុយក្លេអ៊ែរ ដែលបានផ្តាច់យកជីវិតមនុស្ស យ៉ាងហោច ១២៩,០០០នាក់នៅក្នុងទីក្រុង Hiroshima និងNagasaki នៃប្រទេសជប៉ុនកាលពីសង្រ្គាម លោកលើកទីពីរប្រៀបដូចទឹកនឹងកាំភ្លើងក្មេងលេងអ៊ីចឹង។

បន្ថែមពីនេះទៀតមីស៊ីល Satan 2 នេះអាចផ្ទុកក្បាលនុយក្លេអ៊ែរចំនួន១៦គ្រាប់ ដែលមានកម្លាំងដល់ទៅ ៤០មេហ្គាតោនហើយវាមានថាមពលខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលត្រូវបានទម្លាក់​នៅជប៉ុនដល់ទៅ ២,០០០ដងឯណោះ៕