(អ៊ីរ៉ាក់)៖ បន្ទាប់ពីកងទ័ពអ៊ីរ៉ាក់ខ្លួនឯង បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដើម្បីវាយប្រហារសង្គ្រប់ យកទីក្រុង Mosul ដែលត្រូវបានក្រុមរដ្ឋអ៊ីស្លាម ISIS គ្រប់គ្រងរយៈពេលជាង២ឆ្នាំ និងបានប្រែក្លាយទីក្រុង ទាំងមូលទៅជាមូលដ្ឋានស្នូលដ៏រឹងមាំនោះ សហរដ្ឋអាមេរិកបានចាប់ផ្តើមជ្រៀតចូលមកដើម្បីត្រួតពិនិត្យ ស្ថានការណ៍ទូទៅ ហើយខណៈនេះមេបញ្ជាការកំពូល មួយរូបនៃកងទ័ពអាមេរិក កំពុងតែស្ថិតនៅតំបន់មួយនៃ ភាគខាងត្បូងទីក្រុង Mosul។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។

នាយឧត្តមសេនីយ៍អាមេរិក Joseph Votel ដែលដឹកនាំទីបញ្ជាការកណ្តាលនៃយោធា បានមកដល់មូលដ្ឋាន ទ័ពខាងលើនេះ ដើម្បីស្វែងយល់ពីការជួសជុលប្រព័ន្ធដឹកជញ្ជូនសំខាន់ៗ ក៏ដូចជាអាកាសយានដ្ឋានដែលអាច ឲ្យយន្តហោះដឹកទំនិញធ្វើការចុះចត ដើម្បីផ្តល់ជំនួយនានាជាដើម។ មេបញ្ជាការយោធាអាមេរិករូបនេះក៏បាន ត្រួតពិនិត្យនិងស្វែងយល់ផងដែរ អំពីការវិវឌ្ឍនៃកងទ័ពអ៊ីរ៉ាក់ក្នុងការវាយដណ្តើមយកទីក្រុង Mosul ដែលជិតនឹងសម្រេចលទ្ធផល នៅសល់តែជំហានចុងក្រោយមួយទៀតប៉ុណ្ណោះ។

គួរបញ្ជាក់ថាតំបន់ Qayyarah West ស្ថិតនៅចម្ងាយ៦០គីឡូម៉ែត្រភាគខាងលិចទីក្រុង Mosul ត្រូវបាន កងទ័ពជីហាដដែលសហការជាមួយកងទ័ពអ៊ីរ៉ាក់វាយសង្គ្រប់យកមកវិញ តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ តំបន់វាលខ្សាច់ភាគខាងជើងប្រទេសអ៊ីរ៉ាក់នេះ ត្រូវបានប្រើប្រាស់ជាទីកន្លែងឈរជើង និងប្រមូលផ្តុំកម្លាំង ដើម្បីត្រៀមវាយលុកតំបន់នានាដែលពួក ISIS ដណ្តើមកាន់កាប់កន្លងមក។

សម្រាប់កងកម្លាំងរបស់ ISIS បានរត់គេចចេញពីតំបន់ Qayyarah ទាំងមូលកាលពីខែកក្កដា ហើយបច្ចុប្បន្ន នេះកងទ័ពអាមេរិកចំនួន ៥០០នាក់ កំពុងឈរជើងការពារតំបន់នោះ រួមជាមួយនឹងកងទ័ព អ៊ីរ៉ាក់ បារាំង និង កងកម្លាំងមកពីចក្រភពអង់គ្លេស មួយក្រុមតូចទៀត។ ដោយឡែកសម្រាប់ប្រតិបត្តិការ វាយចូលឲ្យដល់ បេះដូងនៃទីក្រុង Mosul នឹងកើតឡើងនៅពេលឆាប់ៗខាងមុខនេះ៕