(អាមេរិក)៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter Inc គ្រោងកាត់បន្ថយបុគ្គលិកនៅក្នុងអត្រា ៨ភាគរយឬស្មើនឹង៣០០នាក់ បន្ថែមទៀតហើយនឹង ធ្វើការប្រកាសជាផ្លូវការនៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Aisa នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។

អត្រានៃការកាត់បន្ថយបុគ្គលិកខាងលើ គឺវាដូចគ្នាទៅនឹងអត្រានៅពេលដែលសហស្ថាបនិកក្រុមហ៊ុន Twitter លោក Jack Dorsey បានឡើងកាន់តំណែងជានាយកប្រតិបត្តិកាលពីឆ្នាំ២០១៥ ហើយវាអាចនឹងត្រូវ ប្រកាសជាផ្លូវការនៅមុនពេលដែលក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ ចេញរបាយការណ៍ ស្តីពីប្រាក់ចំណូលប្រចាំត្រីមាសទីបីរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រីឯចំនួនបុគ្គលិកដែលនឹង ទទួលរងផលប៉ះពាល់អាចនឹងផ្លាស់ប្តូរផងដែរ។

ក្រុមហ៊ុន Twitter ដែលបានខាតបង់ប្រាក់ជាច្រើននោះ កំពុងតែព្យាយាមគ្រប់គ្រងការចំណាយរបស់ខ្លួន ខណៈពេលប្រាក់ចំណូល ដែលរកបានមានការយឺតយ៉ាវ ហើយមួយវិញទៀត នោះអនាគតរបស់ ក្រុមហ៊ុនមួយនេះ កាន់តែស្រពិចស្រពិលទៅទៀត នៅក្រោយពេលក្រុមហ៊ុន Saleforce.com Inc ដែលត្រូវបានគេជឿជាក់ថា មានចំណាប់អារម្មណ៍ ក្នុងការទិញយកក្រុមហ៊ុន Twitter បានដកខ្លួនមិនព្រម ធ្វើការដេញថ្លៃទៅវិញ។

គួរបញ្ជាក់ដែរថា គិតត្រឹមខែមិថុនាឆ្នាំ២០១៦នេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter មានបុគ្គលិកចំនួន ៣,៨៦០នាក់នៅទូទាំងពិភពលោក៕