(បេរូត)៖ ក្រុមហាម៉ាសបានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានសម្លាប់មេដឹកនាំរបស់ខ្លួនប្រចាំលីបង់ នាថ្ងៃចន្ទនេះ ខណៈក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយទៀត បាននិយាយថា មេដឹកនាំ៣នាក់របស់ពួកគេ ក៏ត្រូវបានសម្លាប់ផងដែរ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើទីក្រុង Beirut។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយថា មេដឹកនាំរបស់ខ្លួនប្រចាំប្រទេសលីបង់ គឺលោក Fateh Sherif Abu el-Amin ត្រូវបានសម្លាប់ រួមជាមួយប្រពន្ធ កូនប្រុស និងកូនស្រី ក្នុងការវាយប្រហារមួយតាមផ្លូវអាកាស ដែលកំណត់គោលដៅទៅលើផ្ទះរបស់ពួកគេ ស្ថិតក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីន នៅឯទីក្រុង Tyre ភាគខាងត្បូងលីបង់។ រីឯក្រុមប៉ាឡេស្ទីនមួយទៀត ហៅថា Popular Front for the Liberation of Palestine (PFLP) បាននិយាយថា មេដឹកនាំ៣នាក់របស់ពួកគេ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ដែលបានកំណត់គោលដៅលើសង្កាត់ Kola នៃរដ្ឋធានីបេរូតរបស់លីបង់។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អ៉ីស្រាអែលបានបន្តបើកការវាយប្រហាររបស់ខ្លួន ប្រឆាំងគោលដៅក្រុមហេសបូឡា នៅពាសពេញប្រទេសលីបង់ បន្ទាប់ពីបានសម្លាប់ មេដឹកនាំចលនាប្រដាប់អាវុធលីបង់មួយនេះ គឺលោក Sayyed Hassan Nasrallah។ អ៉ីស្រាអែល ក៏បានបើកការវាយប្រហារតាមផ្លូវអាកាស លើក្រុមហ៊ូទីនៅប្រទេសយេម៉ែន ផងដែរ ឆ្លើយតបការបាញ់មីស៉ីលរបស់ហ៊ូទី។ មនុស្ស៤នាក់បានស្លាប់ និង២៩នាក់បានរងរបួស ក្នុងការវាយប្រហារនៅយេម៉ែន។ រីឯ ការវាយប្រហារលើលីបង់ អំឡុងពេល ២សប្តាហ៍ចុងក្រោយនេះ បានសម្លាប់មនុស្សសរុបលើស១,០០០នាក់ និងបង្កឱ្យរបួសប្រហែល៦,០០០នាក់។
គួរបញ្ជាក់ថា បូករួមជាមួយសង្រ្គាមនៅហ្កាហ្សា ការបង្កើនសកម្មភាពវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមចលនាប្រដាប់អាវុធ ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បង្កឱ្យមានក្តីបារម្ភថា សង្រ្គាមទ្រង់ទ្រាយធំនឹងផ្ទុះឡើង នៅមជ្ឈិមបូព៌ា ដែលមានការចូលពាក់ព័ន្ធពីអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក។ ក្រុមហេសបូឡា ហាម៉ាស និងហ៊ូទី មានអ៉ីរ៉ង់ជាខ្នងបង្អែក ខណៈអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត របស់អ៉ីស្រាអែល៕