(ព្យុងយ៉ាង)៖ នៅថ្ងៃសៅរ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយមន្រ្តីសន្តិសុខកំពូលរបស់រុស្ស៉ី គឺអតីតរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu ហើយអ្នកទាំងពីរបានជជែកគ្នា អំពីការធ្វើឱ្យស៉ីជម្រៅថែមទៀត នូវកិច្ចសន្ទនាយុទ្ធសាស្រ្តរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
KCNA បាននិយាយថា លោក គីម និងលោក Shoigu បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយ ជុំវិញស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ ហើយឈានដល់ការមូលមតិគ្នាលើបញ្ហាផ្សេងៗ រួមមានទាំងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីការពារផលប្រយោជន៍រួម។ បើតាម KCNA លោក គីម បានលើកឡើងថា កូរ៉េខាងជើង នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៉ី ដោយស្របទៅតាម ភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន ព្រមទាំងក្រុមអ្នកវិភាគឯករាជ្យ អះអាងថា លោក គីម កំពុងតែជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន តាមរយៈការលួចផ្គត់ផ្គង់រ៉ុក្កែតនិងមីស៉ីល ជាថ្នូរសម្រាប់ការជួយជ្រោមជ្រែង ផ្នែកសេដ្ឋកិច្ច និងក្នុងទម្រង់ផ្សេងទៀតពីទីក្រុងមូស្គូវិញ។ យ៉ាងណាមិញ ទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់នេះ ប៉ុន្តែបានរួមគ្នាប្តេជាជំរុញ កិច្ចសហប្រតិបត្តិការយោធា ហើយបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អំឡុងកិច្ចប្រជុំកំពូលមួយ កាលពីខែមិថុនា៕