(ម៉ាឌ្រីដ)៖ ប្រទេសអេស្ប៉ាញ បានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយនៅថ្ងៃសុក្រនេះ ដោយមានការចូលរួមពីបណ្តាប្រទេសមូស្លីម និងអឺរ៉ុបមួយចំនួន ដើម្បីពិភាក្សាអំពីដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ ក្នុងជំនួបនេះ អេស្ប៉ាញបានអំពាវនាវឱ្យសហគមន៍អន្តរជាតិកំណត់ពេលវេលាច្បាស់លាស់ សម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការស្វែងរកសន្តិភាព និងបញ្ឈប់អំពើហិង្សារវាងភាគីទាំងពីរ ដោយលោកបានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋពីរគឺជា "ផ្លូវតែមួយគត់" ដើម្បីសម្រេចបាននូវសន្តិភាព។
កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេសន័រវេស ស្លូវេនី និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell ព្រមទាំងនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន និងសមាជិកនៃក្រុមទំនាក់ទំនងអារ៉ាប់-អ៊ីស្លាមសម្រាប់តំបន់ហ្គាហ្សា ដែលរួមមាន អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា ហ្ស៊កដានី ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា និងតួកគី។
អ៊ីស្រាអែលមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះទេ ប៉ុន្តែលោក Albares បានបញ្ជាក់ថា អ៊ីស្រាអែលអាចចូលរួមនៅពេលអនាគត ក្នុងការពិភាក្សាស្វែងរកសន្តិភាព និងដំណោះស្រាយរដ្ឋពីរ។
ការជំរុញឱ្យមានដំណោះស្រាយសន្តិភាពកាន់តែខ្លាំងឡើង បន្ទាប់ពីសង្គ្រាមរយៈពេល ១១ ខែនៅហ្គាហ្សា និងអំពើហិង្សាកាន់តែកើនឡើងនៅតំបន់ West Bank បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានគោលបំណងពិភាក្សាអំពីការរំសាយក្រុមហាម៉ាស និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងអ៊ីស្រាអែល និងរដ្ឋមួយចំនួនទៀត ជាពិសេសអារ៉ាប៊ីសាអូឌីត៕