(ប៉េកាំង)៖ នៅថ្ងៃទី ១០ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មាន បានសួរសំណួរអំពីការលើកឡើង នូវអ្វីដែលហៅថា "អន្ទាក់បំណុល"។

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកបានបូកសរុបនូវលក្ខណៈពិសេសមួយចំនួន នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិននិងអាហ្វ្រិកមានដូចជា៖ ទីមួយគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិក និងផ្តល់ជំនួយដល់ប្រទេសអាហ្រ្វិកដោយស្មោះត្រង់។ ទីពីរគឺ ត្រូវធ្វើការស្របតាមតម្រូវការអភិវឌ្ឍន៍របស់អាហ្រ្វិក ផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ ដោយឯករាជ្យម្ចាស់ការរបស់អាហ្វ្រិក។ ទីបីគឺ មិនធ្វើការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយ ប្រឆាំងនឹងការបង្កការប្រឈមមុខដាក់គ្នា ជាក្រុមនៅទ្វីបអាហ្វ្រិកនិងប្រឆាំងនឹងការប្រើប្រាស់ ទ្វីបអាហ្រ្វិកធ្វើជាលេសដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកស្រី Mao Ning បានលើកឡើងថា ការពិតជាក់ស្តែងគឺ ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ២៤ ឆ្នាំមក វេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិក និងកែលម្អជីវភាពរស់នៅ របស់ប្រជាជនអាហ្វ្រិក។ ពិសេសថ្នាក់ដឹកនាំនៃប្រទេសអាហ្វ្រិកជាច្រើនរូប ដូចជាលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងជាដើម បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុងប៉េកាំងថា ការវិនិយោគរបស់ចិននៅទ្វីបអាហ្រ្វិក គឺជាកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយមិនមែនរុញច្រានអាហ្រ្វិកឱ្យធ្លាក់ចូលក្នុង "អន្ទាក់បំណុលរបស់ចិន" នោះទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន