(ញូវដេលី)៖ រដ្ឋមន្រ្តីអាកាសចរណ៍ស៉ីវិលឥណ្ឌា លោក Ram Mohan Naidu Kinjarapu បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ឥណ្ឌា និងចិនកំពុង ពិភាក្សាអំពីការបើកជើងហោះហើរដឹកអ្នកដំណើរឡើងវិញ ក្នុងពេលឆាប់ៗ ដែលជាសញ្ញាបង្ហាញថា ចរចរណ៍ផ្លូវអាកាសនៃប្រទេសទាំងពីរ អាចងើបឡើងវិញបន្ទាប់ពី ៤ឆ្នាំកន្លងមក។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Kinjarapu និយាយថា លោកបានជួបប្រធានរដ្ឋបាលអាកាសចរណ៍ស៉ីវិលចិន លោក Song Zhiyong នៅខាងក្រៅសន្និសីទ ថ្នាក់រដ្ឋមន្ត្រីអាស៉ីប៉ាស៊ីហ្វិកស្តីពីវិស័យអាកាសចរណ៍ស៉ីវិល ក្នុងទីក្រុងញូវដេលី។ តាមសារបង្ហោះ លើបណ្តាញសង្គម X របស់លោក Kinjarapu «ភាគីទាំងពីរ ពិភាក្សាគ្នាពីការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ អាកាសចរណ៍ស៉ីវិល ជាពិសេសការជំរុញឱ្យមានការបើកជើងហោះហើរដឹកអ្នកដំណើរ ដែលបានគ្រោងទុក»។
គួរបញ្ជាក់ថា ការបើកជើងហោះហើរត្រង់ឡើងវិញ នឹងជួយដល់ប្រទេសទាំងពីរដូចគ្នា ប៉ុន្តែមានភាគរយខ្ពស់សម្រាប់ចិន ដែលទើបនឹងងើបឡើងវិញពីជំងឺកូវីដ១៩ ហើយមិនទាន់អាចឡើងដល់កម្រិត ដូចវិស័យអាកាសចរណ៍របស់ឥណ្ឌានោះទេ៕