(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ទំនងជានឹងធ្វើការបោះឆ្នោតនៅសប្តាហ៍ក្រោយ ទៅលើដំណោះស្រាយទាមទារឱ្យអ៉ីស្រាអែល បិទបញ្ចប់វត្តមានខុសច្បាប់របស់ខ្លួន នៅដែនដីប៉ាឡេស្ទីន ក្នុងរយៈពេល ៦ខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤។
គោលដៅចម្បងនៃសេចក្តីព្រាងដំណោះស្រាយ រៀបរៀងឡើងដោយអាជ្ញាធរប៉ាឡេស្ទីនដែល Reuters ទទួលបាន គឺស្វាគមន៍ចំពោះមតិណែនាំរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ) ដែលនិយាយថា ការកាន់កាប់ទឹកដី និងការតាំងលំនៅរបស់អ៉ីស្រាអែលលើដែនដីប៉ាឡេស្ទីន គឺជាសកម្មភាពខុសច្បាប់ ហើយគួរតែដកចេញ។ ប៉ុន្តែ នៅខណៈដែលមតិណែនាំពីស្ថាប័នតុលាការកំពូលនៃពិភពលោកមួយនេះថា វាគួរតែធ្វើឱ្យបានលឿនតាមដែលអាចធ្វើទៅបាន សេចក្តីព្រាងដំណោះស្រាយរបស់មហាសន្និបាត បានដាក់ឱសានវាទរយៈពេល ៦ខែឯណោះ។
ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំ UN លោក Danny Danon បានអំពាវនាវឱ្យមហាសន្និបាទ ច្រានចោលសេចក្តីព្រាងដំណោះស្រាយរបស់អាជ្ញាធរប៉ាឡេស្ទីន ហើយជំនួសមកវិញនូវដំណោះស្រាយដែលថ្កោលទោសលើក្រុមហាម៉ាស និងអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់ជាបន្ទាន់។
គួរបញ្ជាក់ថា បណ្តារដ្ឋអារ៉ាប់ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម និងចលនាមិនចូលបក្សសម្ព័ន្ធ បានស្នើកាលពីថ្ងៃចន្ទ ដល់សមាជិកទាំង ១៩៣របស់មហាសន្និបាទ UN បោះឆ្នោតនៅថ្ងៃទី១៨ ខែកញ្ញា។ សេចក្តីព្រាងនៃដំណោះស្រាយចំនួន ៨ទំព័រនោះ អាចត្រូវផ្លាស់ប្តូរមុនពេលដាក់ឱ្យបោះឆ្នោត៕