(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែត The Wall Street Journal ដែលថា អ៊ីរ៉ង់បានបញ្ជូនមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីទៅឱ្យរុស្ស៊ី ដោយនិយាយថា អ៊ីរ៉ង់គឺជាដៃគូរបស់រុស្ស៊ី ហើយប្រទេសទាំងពីរកំពុងពង្រីកកិច្ចសហប្រិតបត្តិការគ្រប់វិស័យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា កាសែត The Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអឺរ៉ុបដែលមិនស្គាល់អត្តសញ្ញាណថា អ៊ីរ៉ង់បានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លីទៅរុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកបានឃើញរបាយការណ៍នេះ ប៉ុន្តែមិនមែនវាទាំងអស់សុទ្ធតែត្រឹមត្រូវនោះទេ។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់គឺជាដៃគូសំខាន់របស់រុស្ស៊ី ហើយប្រទេសទាំងពីរកំពុងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចសន្ទនាគ្រប់វិស័យ រួមទាំងវិស័យដ៏រសើបបំផុតផងដែរ។
ទោះបីជាមានការបដិសេធពីភាគីទាំងពីរក៏ដោយ សហរដ្ឋអាមេរិកបានព្រមានថា ការផ្ទេរមីស៊ីលបាលីស្ទីកណាមួយពីអ៊ីរ៉ង់ទៅរុស្ស៊ីនឹង វានឹងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង៕