(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez កំពុងស្ថិតក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ សម្រាប់កិច្ចពិភាក្សាជាមួយមន្រ្តីកំពូលៗរបស់ចិន រួមទាំងលោកប្រធានាធិបតី ស៉ី ជីនពីង ក្នុងគោលបំណងជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច ទោះបីជាពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប កំពុងជួបនូវភាពតានតឹងក្តី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងក្នុងវេទិកាមួយនៅឯទីក្រុងប៉េកាំង លោក Sanchez បានសាទរចំពោះទំនាក់ទំនងអេស្ប៉ាញ-ចិន។ លោកគូសបញ្ជាក់ថា «បើទោះបីជាមានបញ្ហា ដែលធ្វើឱ្យយើងមិនយល់ស្របគ្នាខ្លះៗ តែក៏នៅយើងរក្សានូវឆន្ទៈស្ថាបនា ចូលរួមក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ យើងប្តេជ្ញាចិត្ត បង្កើតរបៀបវារៈវិជ្ជមាន និងស្វែងរកដំណោះស្រាយ ដែលផ្តល់ផលប្រយោជន៍ដល់ ភាគីទាំងអស់»។
លោក Sanchez ត្រូវជួបនាយករដ្ឋមន្រ្តីចិន លោក Li Qiang នៅរសៀលថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ក៏ដូចជាលោក ស៉ី ជីនពីង និងក្រុមសមាជិកសភា។ ដោយឡែក នៅថ្ងៃអង្គារ និងថ្ងៃពុធ លោក Sanchez នឹងធ្វើដំណើរទៅកាន់ទីក្រុងស៊ាងហៃ ជាទីដែលលោកត្រូវជួបក្រុមធុរជន ក៏ដូចជាចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលវប្បធម៌ថ្មីរបស់វិទ្យាស្ថាន Cervantes ផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Sanchez ហាក់ផ្ទុយពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាង EU និងចិន ដែលកំពុងកើតមាន។ អេស្ប៉ាញ គឺជាប្រទេសនាំចេញផលិតផលសាច់ជ្រូកដ៏ធំបំផុតរបស់ EU ទៅកាន់ចិន ដោយកាលពីឆ្នាំមុន លក់បានតម្លៃសរុប ១.៣ពាន់លានដុល្លារ៕