(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ ចិនបានប្រកាសឱ្យដឹងថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយរុស្ស៉ីនៅក្នុងខែនេះ ដើម្បីពង្រឹងចំណងទាក់ទង ឱ្យកាន់តែជម្រៅថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិចិន បាននិយាយថា កងកម្លាំងជើងទឹកនិងជើងអាកាស នឹងចូលរួមសមយុទ្ធយោធា ហៅថា North-Joint 2024 នៅលើផ្ទៃអាកាស និងផ្ទៃទឹកនៃតំបន់សមុទ្រជប៉ុន ព្រមទាំងសមុទ្រ Okhotsk ក្បែរឆ្នេរនៃប្រទេសរុស្ស៉ី ក្រោមគោលដៅធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀត នូវកម្រិតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងកងទ័ពចិននិងរុស្ស៉ី ហើយពង្រឹងសមត្ថភាពយោធាទាំងពីរ ក្នុងការទប់ទល់ការគំរាមកំហែងផ្នែកសន្តិសុខរួមគ្នា។ មិនតែប៉ុណ្ណោះ ចិនក៏នឹងចូលរួមសមយុទ្ធយោធា Ocean-2024 របស់រុស្ស៉ីផងដែរ។
យ៉ាងណាមិញ ក្រសួងការពារជាតិចិន មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ ដែលសមយុទ្ធយោធារួមគ្នាខាងលើ នឹងត្រូវប្រារព្ធឡើងឡើយ។ កាលពីខែកក្កដា ប្រទេសទាំងពីរ បានធ្វើសមយុទ្ធយោធារួមគ្នា នៅលើផ្ទៃទឹកនិងដែនអាកាស ក្បែរទីក្រុង Zhanjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៉ីនិងចិនបានបង្កើនកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ហើយរួមគ្នាប្រឆាំងនឹង អ្វីដែលពួកគេចាត់ទុកថាជា អនុត្តរភាពលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក ដែលត្រូវបានមើលឃើញថាជា ជាអ្នកគ្រប់គ្រងលើកិច្ចការនានារបស់សកលលោក៕