(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញាថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ាក់ នាថ្ងៃពុធសប្តាហ៍នេះ ខណៈវានឹងជាការបំពេញទស្សនកិច្ចនៅក្រៅប្រទេស ជាលើកដំបូងរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងដំណើរទស្សនកិច្ចខាងលើ ដែលនឹងធ្វើឡើងតបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក Mohammed Shia' Al Sudani លោក Pezeshkian ត្រូវបានរំពឹងថា នឹងបើកកិច្ចប្រជុំជាមួយក្រុមមន្រ្តីជាន់ខ្ពស់អ៉ីរ៉ាក់ ព្រមទាំងចុះកិច្ចព្រមព្រៀងមួយចំនួន ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ និងសន្តិសុខ។ ក្រោយឡើងកាន់តំណែង លោក Pezeshkian បានប្តេជ្ញាផ្តោតអាទិភាពទៅលើ ការរឹតបន្តឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាង របស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា លោក Pezeshkian បានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសអ៉ីរ៉ង់ កាលពីខែកក្កដា បន្ទាប់ពីប្រធានាធិបតីមុន គឺ លោក Ebrahim Raisi បានបាត់បង់ជីវិត កាលពីខែឧសភា ជាមួយរដ្ឋមន្រ្តីការបរទេស លោក Hossein Amir-Abdollahian ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំភាគខាងជើងអ៉ីរ៉ង់៕