(ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានឱ្យដឹងថាគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានសម្លាប់ មនុស្សយ៉ាងហោច ២៤នាក់ និង២៩៩នាក់ផ្សេងទៀតរងរបួស ក្នុងតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំ២០២៤នេះបានវាយប្រហារលើភាគឦសានប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបាន កាត់ផ្ដាច់ចរន្តអគ្គិសនី និងបណ្ដាញទូរគមនាគមន៍នៅតាមផ្នែកជាច្រើននៃប្រទេសផងដែរ ជាពិសេសនៅក្នុងខេត្ត Quang Ninh និងទីក្រុង Haiphong។
អាជ្ញាធឧតុនិយមវៀតណាម បានព្រមាននៅថ្ងៃចន្ទនេះថាអាចនឹងមានគ្រោះទឹកជំនន់ និងរអិលបាក់ដីបន្ថែមទៀត ដោយសារតែភ្លៀងនាំមកនូវកម្ពស់ទឹកចម្លោះពី ២០៨មីលីម៉ែត្រ ដល់ ៤៣៣មីលីម៉ែត្រ នៅតាមផ្នែកជាច្រើននៃប្រទេសក្នុងរយៈពេល២៤ម៉ោងមកនេះ។ ហានិភ័យនៃគ្រោះទឹកជំនន់ខ្ពស់ជាងគេត្រូវបានព្រមាននៅក្នុងខេត្ត Lang Son, Cao Bang, Yen Bai និងខេត្ត Thai Ngyen៕