(ប៉េកាំង)៖ បន្ទាប់ពីរំលងអស់រយៈពេល ៦ ឆ្នាំមក ទីក្រុងប៉េកាំងបានទទួលស្វាគមន៍ភ្ញៀវនិងមិត្តភក្តិមកពី បណ្តាប្រទេសអាហ្វ្រិកម្តងទៀត ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើក និងបានថ្លែងសុន្ទរកថាគន្លឹះ ដោយស្នើឱ្យលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងចិននិងបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន ឱ្យឡើងដល់កម្រិតទំនាក់ទំនងជាយុទ្ធសាស្ត្រ ហើយលើកកម្ពស់ទិសដៅរួម នៃទំនាក់ទំនងចិន-អាហ្រ្វិកឱ្យទៅជាសហគមន៍ជោគវាសនារួម រវាងចិននិងអាហ្រ្វិក ក្នុងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី ។ ព្រមពេលជាមួយគ្នានេះ ភាគីចិនផ្តួចផ្តើមឱ្យចិននិងអាហ្រ្វិកពួតដៃគ្នាជំរុញ ការកសាង"ទំនើបកម្មចំនួន ៦ " ហើយបានប្រកាសពីសកម្មភាព នៃភាពជាដៃគូសំខាន់ៗចំនួន ១០ ដើម្បីកំណត់យ៉ាងច្បាស់ ថែមមួយកម្រិតទៀតនូវទិសដៅខិតខំប្រឹងប្រែង និងផ្លូវសម្រាប់ចិននិងអាហ្រ្វិក ក្នុងការពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម។

ឥស្សរជនគ្រប់មជ្ឈដ្ឋាន នៃប្រទេសចិននិងអាហ្រ្វិកសម្គាល់ឃើញថា កិច្ចប្រជុំកំពូលក្រុងប៉េកាំងត្រូវគេហៅថា ជានិមិត្តសញ្ញាមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកក្នុងយុគសម័យថ្មី។ លោក Mokgweetsi Masisi ប្រធានាធិបតីបុតស្វា ណាបានថ្លែងថា ថ្ងៃនេះគឺជាខណៈពេលជាប្រវតិ្តសាស្ត្រ នៃទំនាក់ទំនងរវាងអាហ្វ្រិកនិងចិន វិធានការថ្មីដែលបានប្រកាសដោយ លោកប្រធានរដ្ឋចិន Xi Jinping ក្នុងនោះបូករួមទាំងគោលនយោបាយ បើកទូលាយថែមមួយកម្រិតទៀត ចំពោះអាហ្រ្វិកបានធ្វើឱ្យភាគី អាហ្រ្វិកមានក្តីរំភើបចិត្ត និងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង។

លោក Li Wentao ប្រធានវិទ្យាស្ថានស្រាវជ្រាវបញ្ហាអាហ្វ្រិក នៃបណ្ឌិត្យសភាទំនាក់ទំនងអន្តរជាតិទំនើបចិន បានវិភាគថា ការកំណត់ទិសដៅថ្មីនៃទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping លើកនេះមានន័យថា ចិននិងអាហ្វ្រិកនឹងពួតដៃគ្នាដើម្បីឆ្លើយតបនឹង បម្រែបម្រួលនិម្មាបនកម្ម នៃយុគសម័យនិងចាប់ដំណើរការនិម្មាបនកម្មថ្មី នៃកិច្ចសហប្រតិបត្តិការ មិនថាស្ថានការណ៍អន្តរជាតិ មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពរវាងចិននិងអាហ្វ្រិក នឹងត្រូវបានពង្រឹងជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក នឹងត្រូវបានជំរុញជាបន្តបន្ទាប់ ហើយចិននិងអាហ្រ្វិកនឹងបន្តផ្តល់ ការគាំទ្រយ៉ាងមុតមាំបំផុតដល់គ្នាទៅវិញទៅមក។

ក្នុងប្រវត្តិសាស្ត្រ ដំណើរការធ្វើទំនើបកម្មរបស់លោកខាងលិច ធ្លាប់បាននាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ចិននិងប្រទេសអាហ្រ្វិកសុទ្ធតែបានរងទុក្ខវេទនាយ៉ាងខ្លាំង ដែលត្រូវបានជិះជាន់ដោយ អាណានិគមនិយម ដូច្នេះ យើងបានយល់ឃើញយ៉ាងជ្រាលជ្រៅថា ការធ្វើទំនើបកម្មមិនមែនស្មើនឹង ការធ្វើបស្ចិមភាវូបនីយកម្មនោះទេ ។ ឥស្សរជនវិភាគបានលើកឡើងថា ចក្ខុវិស័យថ្មីនៃ "ការធ្វើទំនើបកម្ម" ដែលចង្អុលបង្ហាញ ដោយប្រទេសចិន ពីវិស័យចំនួន ៦ លើកនេះ វាមិនត្រឹមតែបានបោះបង់ចោល "ច្បាប់ព្រៃ" ក្នុងដំណើរការធ្វើទំនើបកម្មរបស់លោកខាងលិចប៉ុណ្ណោះទេ ថែមទាំងក៏បានក្រេបជញ្ជក់ និងរៀនសូត្រនូវបទពិសោធដ៏មានតម្លៃពី ការកសាងទំនើបកម្មតាមបែបផែនចិនផងដែរ ដែលបានបង្ហាញពីគុណតម្លៃទំនើបកម្ម ដោយគ្រប់ជ្រុងគ្រោយ សមភាពនិងវឌ្ឍនភាព។

ផែនការគោលបានគ្រោងរួចហើយ គន្លឹះគឺស្ថិតនៅត្រង់ថា តើត្រូវអនុវត្តនិងជំរុញតាមរបៀបណា? ប្រទេសចិនបានលើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ភាគីចិនរីករាយរួមសហការជាមួយភាគីអាហ្រ្វិក ដើម្បីអនុវត្តសកម្មភាព នៃភាពជាដៃគូសំខាន់ៗចំនួន ១០ ដែលពាក់ព័ន្ធនឹងគ្រប់វិស័យដូចជាការរៀនសូត្រ ពីអរិយធម៌ទៅវិញទៅមក ភាពរុងរឿងនៃពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការផ្នែក ខ្សែសង្វាក់ឧស្សាហកម្ម ការតភ្ជាប់គ្នា ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ សុខាភិបាល ការជំរុញការអភិវឌ្ឍកសិកម្មនិងផ្តល់ ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍបៃតងនិងរួមគ្នាគាំពារសន្តិសុខជាដើម ។ អាចឃើញថា នេះគឺជាការបន្តវេននិងការអភិវឌ្ឍនៃ "ផែនការសហប្រតិបត្តិការធំៗទាំង ១០" "ផែនការប្រតិបតិ្តចំនួន ៨ "និង "គម្រោងចំនួន ៩ " ដែលរួមគ្នាអនុវត្តដោយចិននិងអាហ្រ្វិកនៅពេលមុននេះ ហើយក៏បានផ្តល់នូវ "ផែនទីបង្ហាញផ្លូវ" សម្រាប់ចិននិងអាហ្វ្រិកក្នុងការពួតដៃគ្នា សម្រេចបាននូវការធ្វើទំនើបកម្មផងដែរ។

ផែនការគោលដ៏ល្អប្រសើរ ដែលចង្អុលបង្ហាញដោយកិច្ចប្រជុំកំពូលក្រុងប៉េកាំងលើកនេះ មិនត្រឹមតែបានតម្រង់ទិសដៅ នៃកិច្ចខិតខំប្រឹងប្រែងរួមរវាងចិននិងអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើឱ្យការអភិវឌ្ឍរបស់ប្រទេសចិន ផ្សារភ្ជាប់កាន់តែស្អិតល្មួត ជាមួយការអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិកនិងការអភិវឌ្ឍរបស់ពិភពលោក។ ចិននិងអាហ្រ្វិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម វានឹងនាំមកនូវសុខុមាលភាព និងផលប្រយោជន៍កាន់តែច្រើន ជូនដល់ប្រជាជន នៃភាគីទាំងពីរ ជំរុញការអភិវឌ្ឍ និងស្តារភាពរុងរឿងឡើងវិញ នៃសកលខាងត្បូងដើម្បីបញ្ចេញនូវថាមពលវិជ្ជមាន កាន់តែច្រើនសម្រាប់ការគាំពារសន្តិភាព និងការអភិវឌ្ឍពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន