(ឈីស៊ីណូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងឈីស៊ីណូ នៃប្រទេសម៉ុលដាវីហើយនៅថ្ងៃពុធនេះ ដែលជាដំណើរទស្សនកិច្ចអឺរ៉ុបខ្លីមួយ ក្នុងគោលបំណងជំរុញការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចរបស់លោក Blinken នេះ កើតឡើងចំពេលមានការកើនឡើង នៃការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន និងការព្រមានពីប្រធានាធិបតី Vladimir Putin អំពីជម្លោះសកលដែលអាចកើតមាន ប្រសិនបើទីក្រុងគៀវប្រើប្រាស់អាវុធរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី។

នៅទីក្រុងឈីស៊ីណូ លោក Blinken នឹងជួបជាមួយប្រធានាធិបតី លោកស្រី Maia Sandu ដែលគាំទ្រអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៅក្នុងពេលដែលមន្ត្រីអាមេរិកនិយាយថា សាធារណរដ្ឋអតីតសូវៀត ដែលមានប្រជាជនចំនួន ២.៥ លាននាក់ និង មានព្រំប្រទល់ដ៏វែងជាមួយអ៊ុយក្រែនមួយនេះ កំពុងប្រឈមនឹង «ប្រតិបត្តិការមានឥទ្ធិពល» របស់រុស្ស៊ី។ លោក Jim O'Brien អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយដោយមិនបានបញ្ជាក់លម្អិតថា សហរដ្ឋអាមេរិកទំនងជានឹងប្រកាសការគាំទ្រយ៉ាងសំខាន់ ចំពោះឯករាជ្យភាពថាមពលរបស់ប្រទេសម៉ុលដាវី។

គួរជម្រាបថា នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Sandu ប្រទេសម៉ុលដាវីបានថ្កោលទោសការលុកលុយរបស់រុស្ស៊ី ហើយមានបំណងចូលរួមជាមួយសហភាពអឺរ៉ុប ដោយកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី និងបង្វែរប្រភពអគ្គិសនីរបស់ខ្លួន។ ទន្ទឹមគ្នានេះ ថែមទាំងបានចាត់ទុកសន្តិសុខរបស់ខ្លួន មានទំនាក់ទំនងទៅនឹងការតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីថែមទៀតផង៕