(ហ្គាហ្សា)៖ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃអាទិត្យេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងជំរុំតង់ Rafah ដោយបានសម្លាប់មនុស្ស ៤៥នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយ​​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ការរវាយប្រហារនៅក្នុងសង្កាត់ Tel Al-Sultan នៃទីក្រុង Rafah ដែលបានប្រកាសជាតំបន់សុវត្ថិភាព បានជំរុញឱ្យមានការថ្កោលទោសជាសកល និងអំពាវនាវឱ្យអនុវត្តនូវសេចក្តីសម្រេចរបស់តុលាការពិភពលោក ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។

ទោះបីជាមានការអំពាវនាវក៏ដោយ ក៏រថក្រោះអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើទីក្រុង Rafah នៅថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សប្រាំបីនាក់បន្ថែមទៀត។ យោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅទៅលើមន្ត្រីក្រុមហាម៉ាសសំខាន់ៗ ដោយផ្អែកលើ «ការស៊ើបការណ៍សម្ងាត់» និងបានបង្ហាញពីភាពត្រឹមត្រូវនៃប្រតិបត្តិការដែលកំពុងបន្ត ដោយសារតែមានការវាយប្រហារដោយគ្រាប់រ៉ុក្កែត ចេញពីតំបន់នោះ។

មេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock និងប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell បានជំរុញអ៊ីស្រាអែលឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនាពេលថ្មីៗនេះ៕