(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានថ្កោលទោសចិន ជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការប្តេជ្ញាចិតរួមគ្នាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយពណ៌នាអំពីសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងបី បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រមួយនៅទីក្រុងសេអ៊ូលថាជា «ការបង្កហេតុនយោបាយធ្ងន់ធ្ងរ» ដែលរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

កូរ៉េខាងជើងបានជូនដំណឹងអំពីផែនការរបស់ខ្លួន ក្នុងការបាញ់បង្ហោះរ៉ុក្កែតមួយនៅដើមខែមិថុនា ដើម្បីដាក់ផ្កាយរណបចារកម្មមួយ ដែលនឹងជួយបង្កើនសមត្ថភាពរបស់ប្រទេសនេះក្នុងការវាយប្រហារនុយក្លេអ៊ែរ។ ក្នុងកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងនៅទីក្រុងសេអ៊ូល ចាប់តាំងពីឆ្នាំ២០១៩ បណ្តាប្រទេសទាំងបីបានស្វែងរកកិច្ចសហប្រតិបត្តិការលើសន្តិសុខ ដោយបញ្ជាក់ជាថ្មីនូវជំហររបស់ពួកគេលើសន្តិភាព ស្ថិរភាព និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ថា ការពិភាក្សាបែបនេះគឺជា «ការប្រមាថមិនអាចអត់ឱនបាន និងជាសេចក្តីប្រកាសសង្រ្គាមប្រឆាំងនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK)»។ អ្នកនាំពាក្យដដែលបានបន្ថែមថា «ការពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាការបង្កហេតុនយោបាយធ្ងន់ធ្ងរ និងរំលោភលើអធិបតេយ្យភាព» ហើយថា ការបោះជំហានបែបនេះបានបដិសេធអធិបតេយ្យភាពដែលមិនអាចរំលោភបានរបស់កូរ៉េខាងជើង និងរដ្ឋធម្មនុញ្ញដែលឆ្លុះបញ្ចាំងពីឆន្ទៈឯកច្ឆ័ន្ទរបស់ប្រជាជនកូរ៉េទាំងអស់។

ទោះបីជានាយករដ្ឋមន្ត្រីចិន លោក Li Qiang មិនបានរិះគន់កូរ៉េខាងជើងដោយផ្ទាល់ក៏ដោយ ក៏លោកបានអំពាវនាវដល់ភាគីទាំងអស់ឱ្យកាត់បន្ថយភាពតានតឹង។ ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានជំរុញឱ្យទីក្រុងព្យុងយ៉ាង លុបចោលផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មទីពីរទៅកាន់គន្លងផែនដី ប៉ុន្តែលោក Li មិនបានលើកឡើងពីការបាញ់បង្ហោះដែលរំពឹងទុកនោះទេ។

គួរជម្រាបថា ចិនបានធ្វើឱ្យកូរ៉េខាងជើងខឹងសម្បារម្តង នៅពេលដែលខ្លួនបានចុះហត្ថលេខាលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ពីឆ្នាំ២០០៦ ដល់ ២០១៧ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងប៉េកាំងបានចូលរួមជាមួយរុស្ស៊ីក្នុងការរារាំងការដាក់ទណ្ឌកម្មថ្មី និងអំពាវនាវឱ្យមានការបន្ធូរបន្ថយវិធានការដែរដែលមានស្រាប់។

កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនទៅកាន់គន្លងផែនដីកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីការប៉ុនប៉ងពីរលើកមុនបានបរាជ័យ៕