(ព័រម៉ូរេសប៊ី)៖ នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលនៃប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ បានព្រមានថា តួលេខនៃមនុស្សដែលត្រូវបានកប់ទាំងរស់ នៅក្រោមហេតុការណ៍គ្រោះបំណាក់ដីដ៏អាក្រក់មួយ នាពេលថ្មីៗនេះ គឺអាចលើស២,០០០នាក់ ហើយបានអំពាវនាវឱ្យអន្តរជាតិ ចូលរួមជួយក្នុងកិច្ចប្រឹងប្រែង​ជួយសង្រ្គោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

ភូមិមួយស្ថិតក្នុងខេត្ត Enga របស់ប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ សឹងតែត្រូវបានលេបត្របាក់អស់ទាំងស្រុង នៅពេលដីមួយផ្នែកធំ នៃភ្នំ Mungalo បានបាក់ស្រុត កាលពីវេលាយប់រលងអធ្រាត្រ ឈានចូលថ្ងៃសុក្រសប្តាហ៍មុន រួចគ្របដណ្តប់លើផ្ទះសម្បែងរាប់ពាន់ខ្នង រួមជាមួយមនុស្សម្នាទាំងឡាយ ដែលកំពុងលង់លក់ក្នុងដំណេក នៅតាមលំនៅដ្ឋានទាំងនោះ។

ក្នុងលិខិតផ្ញើទៅកាន់អង្គការសហប្រជាជាតិ (UN) មជ្ឈមណ្ឌលជាតិគ្រប់គ្រងគ្រោះមហន្តរាយ របស់ប៉ាពូអាស៉ីនូវែលហ្គីណេ បាននិយាយថា គ្រោះមហន្តរាយបំណាក់ដីខាងលើ បានកប់មនុស្សជាង២,០០០នាក់ទាំងរស់ ហើយបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ចំពោះសំណង់អគារ និងកន្លែងដាំដុះស្បៀងអាហារ ព្រមទាំងបង្កផលប៉ះពាល់ទ្រង់ទ្រាយធំ លើខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។ មជ្ឈមណ្ឌលដដែល បានស្នើឱ្យ UN ជូនដំណឹងទៅកាន់ ដៃគូអភិវឌ្ឍន៍របស់ប៉ាពូអាស៉ីនូវែលហ្គីណេ ព្រមទាំងមិត្តអន្តរជាតិដទៃទៀត អំពីវិបត្តិគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះផង។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានបង្ហាញភាពសោកសៅ ក្រោយទទួលបានដំណឹងខាងលើ ហើយបាននិយាយថា ភាគីចិនត្រៀមខ្លួនជាស្រេច ដើម្បីជួយតាមតែអាចធ្វើទៅបាន។ ចំណែក ប្រមុខអង្គការសុខភាពពិភពលោក ក៏បានប្រកាសដែរថា WHO ត្រៀមលក្ខណៈជាស្រេច ដើម្បីគាំទ្ររដ្ឋាភិបាលប៉ាពូអាស៉ីនូវែលហ្គីណេ ដើម្បីបំពេញតម្រូវការបន្ទាន់ផ្នែកសុខភាព ឆ្លើយតបគ្រោះមហន្តរាយបំណាក់ដីនេះ៕