(ម៉ាឌ្រីដ)៖ នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយអេស៉្បាញ El Pais បានរាយការណ៍ថា ទីក្រុងម៉ាឌ្រីដ គ្រោងបញ្ជូនមីស៉ីលសម្រាប់ប្រព័ន្ធ Patriot ហើយនិងរថក្រោះ Leopard ទៅកាន់អ៊ុយក្រែន ក្រោមក្របខណ្ឌនៃកញ្ចប់ជំនួយយោធា ទំហំ១.១៣ពាន់លានអឺរ៉ូ ឬស្មើនឹង​១.២៣ពាន់លានដុល្លារអាមេរិក ដែលត្រូវបានប្រកាស កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

កាសែត El Pais បានអះអាងថា អេស៉្បាញនឹងប្រគល់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ចំនួនជាង១០គ្រាប់ ឱ្យទៅ​អ៊ុយក្រែន ព្រមទាំងរថក្រោះ Leopard 2A4 ផលិតដោយអាល្លឺម៉ង់ ដែលប្រើប្រាស់ហើយមួយទឹក ចំនួន១៩គ្រឿង រួមជាមួយសព្វាវុធផ្សេងៗទៀត ដែលផលិតដោយអេស៉្បាញផ្ទាល់ រួមមានដូចជា ឧបករណ៍ប្រឆាំងយន្តហោះដ្រូន និងគ្រាប់រំសេវ។ កញ្ចប់ជំនួយយោធា១.២៣ពាន់ដុល្លារ ត្រូវបានអនុម័តដោយរដ្ឋាភិបាលអេស៉្បាញ កាលពីខែមេសាកន្លងទៅ ប៉ុន្តែកាលនោះ មិនមានបញ្ជាក់ថា អាវុធណាខ្លះ ត្រូវបានដាក់បញ្ជូល​ឡើយ។

គួរបញ្ជាក់ថា យោងតាម El Pais ការប្តេជ្ញាផ្តល់សព្វាវុធថ្មីខាងលើ នឹងត្រូវប្រកាសជាផ្លូវការ អំឡុងដំណើរបំពេញទស្សនកិច្ច របស់​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មកកាន់ទីក្រុងម៉ាឌ្រីដ នាថ្ងៃចន្ទនេះ ជាទីដែលរូបលោក នឹងជួបនាយករដ្ឋមន្រ្តីលោក Pedro Sanchez និងស្តេច Felipe របស់អេស៉្បាញ៕