(បាងកក)៖ នៅថ្ងៃចន្ទនេះ តុលាការក្នុងប្រទេសថៃ បានសម្រេចផ្តន្ទាទោស សមាជិកសភាបក្សប្រឆាំងម្នាក់ ឈ្មោះ Chonthicha Jangrew ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទប្រមាថស្ថាប័នព្រះមហាក្សត្រ ជុំវិញសុន្ទរកថាមួយ ដែលរូបនាងបានធ្វើឡើង កាលពី៣ឆ្នាំមុន អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាង Chonthicha អាយុ៣១ឆ្នាំ បច្ចុប្បន្នគឺជាសមាជិករបស់បក្សប្រឆាំង Move Forward ដែលជាបក្សមានអាសនៈច្រើនជាងគេ នៅក្នុងសភា។ គណបក្ស Move Forward ផ្ទាល់ ក៏កំពុងប្រឈមរឿងក្តីក្តាំងផងដែរ ដោយសារតែផែនការកន្លងមករបស់ខ្លួន ដែលមានគោលដៅចង់​ធ្វើវិសោធនកម្ម ច្បាប់ប្រឆាំងការប្រមាថស្ថាប័នព្រះមហាក្សត្រ ដែលជាច្បាប់ដ៏តឹងរ៉ឹងបំផុតមួយ នៅក្នុងប្រទេសថៃ។ គណៈកម្មការបោះឆ្នោតថៃ បានស្នើឱ្យតុលាការធម្មនុញ្ញ ពិចារណារំលាយគណបក្ស Move Forward ចោល ដោយសារតែរឿងនេះ។

យោងតាម សមាគម Thai Lawyers for Human Rights គិតចាប់តាំងពីឆ្នាំ២០២០មក មនុស្សលើស២៧០នាក់ ត្រូវបានចោទប្រកាន់ ពីបទប្រមាថស្ថាប័នព្រះមហាក្សត្រ ដោយក្នុងចំណោមនោះ ១៧នាក់ កំពុងស្ថិតក្រោមការឃុំឃាំង មុនមានការជំនុំជម្រះក្តី។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ តុលាការថៃ បានផ្តន្ទាទោសសមាជិកសភាបក្ស Move Forward ម្នាក់ទៀត ឈ្មោះ Rukchanok Srinork ដាក់ពន្ធនាគារ៦ឆ្នាំ ដោយសារតែការបង្ហោះសារលើបណ្តាញសង្គម ដែលមានខ្លឹមសាររិះគន់ស្ថាប័នព្រះមហាក្សត្រ។ ចំណែក កាលពី២សប្តាហ៍មុន សកម្មជនថៃម្នាក់ឈ្មោះ Netiporn Sanesangkhom ហៅ Bung បានបាត់បង់ជីវិត ក្រោយធ្វើកូដកម្មបង្អត់​អាហារ បន្ទាប់ពីស្ថិតក្រោមការឃុំឃាំង ក្រោមបទចោទប្រកាន់មួយចំនួន ដែលរួមមានទាំង ការប្រមាថស្ថាប័នព្រះមហាក្សត្រ៕