(សេអ៊ូល)៖ នាព្រឹកថ្ងៃចន្ទនេះ មេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុន បានចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុងសេអ៊ូល ខណៈវាគឺជាលើកដំបូងបង្អស់ ដែលប្រទេសទាំង៣ បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីបែបនេះ គិតក្នុងរយៈពេលជិត៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

ក្រុមមន្រ្តីទីក្រុងសេអ៊ូល បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាយករដ្ឋមន្រ្តីចិន លោក Li Qiang ព្រមទាំង នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ លើវិស័យចំនួន៦ រួមមានពាណិជ្ជកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការធ្វើទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល ហើយនិងការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់។ បើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន មេដឹកនាំទាំង៣ ក៏ទំនងជានឹងអាចឯកភាពគ្នា បន្តឡើងវិញនូវកិច្ចចរចាពាណិជ្ជកម្មសេរី​ត្រីភាគី ដែលបានជាប់គាំងតាំងពីឆ្នាំ២០១៩ ថែមទៀតផង។

ចំណែក ទីភ្នាក់ងារព័ត៌មានចិន Xinhua បានរាយការណ៍ថា អំឡុងកិច្ចចាប់ផ្តើមនៃជំនួបខាងលើ លោក Li បានអំពាវនាវឱ្យមាន ការបន្តឡើងវិញឱ្យគ្រប់​ជ្រុងជ្រោយ នូវកិច្ចសហប្រតិបត្តិការត្រីភាគី ដោយប្រកាន់ខ្ជាប់នូវឥរិយាបថបើកទូលាយ និងចំណាត់ការដែលមានតម្លាភាព។ បើតាមក្រសួងការបរទេសចិន លោក Li ក៏បានលើកឡើងបន្ថែមទៀតថា «ជំនួបរបស់ពួកយើងនាថ្ងៃនេះ ដែលជាលើកដំបូង ក្នុងរយៈពេលលើស៤ឆ្នាំ គឺជាការចាប់ផ្តើមឡើងវិញ ហើយក៏ជាការបើកទំព័រថ្មីមួយ ផងដែរ»

គួរបញ្ជាក់ថា ចិន ហើយនិងកូរ៉េខាងត្បូងព្រមទាំងជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក នៅតំបន់អាស៉ី កំពុងតែព្យាយាម គ្រប់គ្រងការកើនឡើង នៃភាពមិនជឿទុកចិត្តគ្នា ចំពោះមុខការប្រកួតប្រជែងឥទ្ធិពលរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន ព្រមទាំងភាពតានតឹង ​ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកជា ផ្នែកនៃទឹកដីរបស់ខ្លួន។ លោក Yoon និងលោក Kishida បានប្រឹងប្រែងធ្វើយ៉ាងណាឱ្យ​ទំនាក់ទំនងទ្វេភាគី និងជាមួយទីក្រុងវ៉ាស៉ីនតោន កាន់តែជិតស្និទ្ធជាងមុន ដោយបានបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី ដែលពុំធ្លាប់ឃើញ​ពីមុនមកឡើយ ជាមួយសហរដ្ឋអាមេរិក លើវិស័យយោធា និងផ្នែកផ្សេងៗទៀត។ រីឯកាលពីថ្ងៃអាទិត្យកន្លងទៅនេះ មេដឹកនាំកូរ៉េខាងត្បូង ចិន ជប៉ុន ក៏បានជួបគ្នាដាច់ដោយឡែក ក្នុនទម្រង់ទ្វេភាគី ផងដែរ៕