(តាស្កិន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ដែនដីនៃអតីតសហភាពសូវៀត គឺប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ និងបានជួបប្រធានាធិបតី លោក Shavkat Mirziyoyev មុនកិច្ចពិភាក្សាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤។

លោក Mirziyoyev បានទៅទទួល លោក ពូទីន នៅពេលមកដល់រដ្ឋធានីតាស្កិន (Tashkent) ហើយមេដឹកនាំទាំងពីរបានធ្វើដំណើរជាមួយគ្នា ក្នុងរថយន្តតែមួយ។ បើតាមរូបថត និងវីដេអូ ដែលបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង និងដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី លោក ពូទីន បានទៅទស្សនាឧទ្យាន New Uzbekistan ក្នុងរដ្ឋធានីតាស្កិន និងដាក់កម្រងផ្កានៅវិមានឯករាជ្យរបស់អ៊ូសបេគីស្ថាន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា រុស្ស៉ី បើកចំហចំពោះកិច្ចសហប្រតិបត្តិការ លើការផ្គត់ផ្គង់ឧស្ម័នជាមួយអ៊ូសបេគីស្ថាន ហើយលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៅទីនោះ គឺទូលំទូលាយណាស់។

គួរបញ្ជាក់ថា នេះជាដំណើរទៅក្រៅប្រទេសលើកទី៣ ចាប់តាំងពីលោក ពូទីន ជាប់ឆ្នោតអាណត្តិថ្មី កាលពីខែមីនា។ ប្រទេសដំបូងគេ ដែលលោក ពូទីន បានទៅបំពេញទស្សនកិច្ចគឺចិន និងបន្ទាប់មកគឺបេឡារុស៕