(ហ៊្សេរុសាឡិម)៖ ក្រុមហាម៉ាស់ បានបាញ់មីស៉ីលលើទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ នាំឱ្យសំលេងស៉ីរ៉ែនបន្លឺឡើងក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អ៉ីស្រាអែលមួយនេះជាលើកដំបូង ក្នុងរយៈពេល ៤ខែ ខណៈដែលក្រុមហាម៉ាសព្យាយាមបង្ហាញកម្លាំងយោធា ទោះបីអ៉ីស្រាអែលកំពុងវាយលុកតំបន់ហ្កាហ្សាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤។

Rafah ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រប៉ុណ្ណោះ នៃភាគខាងត្បូងទីក្រុង Tel Aviv។ យោធាអ៉ីស្រាអែល អះអាងថា មីស៉ីល៨គ្រាប់ត្រូវបានកំណត់អត្តសញ្ញាណថា បាញ់ចេញមកពីទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ មីស៉ីលជាច្រើនត្រូវបានស្ទាក់ចាប់ ហើយមិនមានរបាយការណ៍ពីអ្នកស្លាប់ ឬរបួសនោះទេ។ កងពលតូច Al-Qassam របស់ហាម៉ាស បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញ ដើម្បីឆ្លើយតបទៅនឹងការសម្លាប់អាយុជីវិតជនស៉ីវិល ក្រោមប្រតិបត្តិការយោធារបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា នៅយប់ថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីកិច្ចការសង្គ្រាមរបស់លោក ដើម្បីពិភាក្សាអំពីប្រតិបត្តិការបន្តនៅ Rafah ទោះជាមានសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ឱ្យអ៉ីស្រាអែលបញ្ឈប់សកម្មភាពរបស់ខ្លួននៅទីនោះក្តី៕