(ព័រម៉ូរេសប៊ី)៖ មនុស្សជាង ៦៧០នាក់ត្រូវបានគេសង្ស័យថា បានស្លាប់នៅក្នុងគ្រោះបាក់ដីដ៏ធំមួយ នៅប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ នេះបើយោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារអន្តោប្រវេសន៍ របស់អង្គការសហប្រជាជាតិ (IOM) ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅភូមិ Yambali ខេត្ត Enga កាលពីថ្ងៃសុក្រ បានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងបានកប់ជនរងគ្រោះជាច្រើននាក់នៅក្រោមគំនរបាក់បែក។ ក្រុមអ្នកសង្គ្រោះកំពុងប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកអ្នកនៅរស់រានមានជីវិត ប៉ុន្តែប្រតិបត្តិការនេះជួបការលំបាកដោយសារដីនៅតែបន្តរអិល និងមានថ្មធ្លាក់។

អាជ្ញាធរកំពុងព្យាយាមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព និងវាយតម្លៃពីផលប៉ះពាល់នៃគ្រោះធម្មជាតិនេះ។ ចំណែកឯ សហគមន៍អន្តរជាតិក៏កំពុងផ្តល់ជំនួយជាបន្ទាន់ប្រទេសអាហ្រ្វិកមួយនេះ ដើម្បីជួយដល់ជនរងគ្រោះ នៃគ្រោះមហន្តរាយដ៏សោកសង្រេងនេះផងដែរ។

ក្រៅពីការបង្កឲ្យមានការបាត់បង់ជីវិត សាលារៀន ហាងអាជីវកម្ម និងស្ថានីយប្រេងឥន្ធនៈ ក៏ត្រូវបានបំផ្លាញផងដែរ។ ទន្ទឺមគ្នានេះ ទីភ្នាក់ងារ IOM មានការព្រួយបារម្ភថា ជនរងគ្រោះភាគច្រើននឹងជាកុមារ ដោយសារតែសហគមន៍នៅក្នុងភូមិនេះភាគច្រើនជាយុវវ័យ។

គួរជម្រាបថា គិតត្រឹមពេលនេះ មានតែសាកសពចំនួន៥នាក់ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញពីក្រោមបំណាក់ដី៕