(ទីក្រុងតែល អាវីវ)៖ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ (២០ ឧសភា) ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ព្រមទាំងមេដឹកនាំក្រុមហាម៉ាស់ចំនួន ៣នាក់ ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ លោក Khan បាននិយាយថាគាត់មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់ពួកគេឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Arabiya នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ការស៊ើបអង្កេតរបស់តុលាការ ICC លើសង្រ្គាមក្នុងតំបន់ហ្គាហ្សា (Gaza) ត្រូវបានប្រឆាំងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ មេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីនបានច្រានចោលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ហើយអ្នកតំណាងពួកគេទាំងពីរបានរិះគន់ការសម្រេចចិត្តរបស់លោក Khan ដែលបានលើកឡើងថា អ៊ីស្រាអែលក៏ដូចរដ្ឋទាំងអស់ដែរមានសិទ្ធិចាត់វិធានការដើម្បីការពារប្រជាជនរបស់ខ្លួន តែមិនមែនមានន័យថាទីក្រុងតែល អាវីវ (Tel Aviv) អាចបំពានច្បាប់មនុស្សធម៌អន្តរជាតិទេ។ Khan បានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលធ្វើឡើងដោយអ៊ីស្រាអែល គឺជាផ្នែកមួយនៃ "ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន" ហើយភស្តុតាងដែលការិយាល័យរបស់គាត់ប្រមូលបាន បង្ហាញថាអ៊ីស្រាអែលបានបំពានសិទ្ធិមនុស្សដោយបំបិទចំណីអាហារ ទឹក ឱសថ និងថាមពល។ Khan បាននិយាយថា លោក Netanyahu និង លោក Gallant មានទំនួលខុសត្រូវចំពោះអ៊ីស្រាអែលនូវចេតនាដែលបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំង និងការសម្លាប់ដែលជាឧក្រិដ្ឋកម្មសង្គ្រាម ដែលយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៣៥,០០០នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញមកប្រឆាំងនូវបទចោទរបស់រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលក្រុងវ៉ាស៊ីនតោន បានព្រមានថា ទង្វើនេះធ្វើឱ្យកិច្ចចរចាបទឈប់បាញ់ស្ថិតក្នុងហានិភ័យ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានប្រឆាំងនូវការសម្រេចចិត្តរបស់តុលាការ ICC ផងដែរ។ លោកបានលាតត្រដាងថា រដ្ឋអាជ្ញា ICC គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅសប្តាហ៍ក្រោយ ដើម្បីស្ដាប់ការបកស្រាយពីរដ្ឋាភិបាលអ៊ីស្រាអែល។

សេតវិមានចេញមុខបដិសេធភាពស្របច្បាប់របស់តុលាការ ICC និងព្រមានដាក់ទណ្ឌកម្ម ICC ខណៈជនល្មើសនៃឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប៉ាឡេស្ទីនគឺជាទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលប្រើប្រាស់ "ស្តង់ដារទ្វេ" ដោយឥតអៀនខ្មាស ក្នុងវិធីសាស្រ្តរបស់ពួកគេចំពោះស្ថានភាពនៅតំបន់ហ្គាហ្សា។ ក្នុងន័យនេះ ពិភពលោកជឿថា ដីកាចាប់ខ្លួននឹងត្រូវបានដាក់ចេញសម្រាប់លោក Netanyahu និង លោក Gallant ឬ អាចនិយាយបានថាពួកគេនឹងត្រូវបានឃុំខ្លួនក្នុងប្រទេសណាមួយ ដែលជាសមាជិករបស់ ICC ។

អ្នកនយោបាយជនជាតិអ៊ឺរ៉ុបជាច្រើន បានអះអាងថាតុលាការ ICC មានភាពលំអៀងផ្នែកនយោបាយ និងគ្មានវិជ្ជាជីវៈ ដូច្នេះហើយ វាធ្វើឱ្យខូចដល់តម្លៃនៃយុត្តិធម៌អន្តរជាតិ។ បច្ចុប្បន្ននេះ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ដែលមាន ICC ជាស្នូល គ្រាន់តែជាឧបករណ៍នៃល្បែងនយោបាយ ព្រោះការសម្រេចចិត្តរបស់តុលាការនេះនៅតែមានភាពចម្រូងចម្រាសផ្នែកផ្លូវច្បាប់។ ហេតុដូចនេះ លក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (Rome Statute) មិនត្រូវបានទទួលស្គាល់ដោយប្រទេសរុស្ស៊ី ចិន ឥណ្ឌា និងតួកគីនោះទេ។

តុលាការ ICC ជាមូលដ្ឋានគ្រឹះមួយនៃស្ថាបត្យកម្មពិភពលោកប៉ូលតែមួយ ដែលទីក្រុងវ៉ាស៊ីនតោនគូសវាសជាបន្តបន្ទាប់ ក្រោយការដួលរលំនៃសហភាពសូវៀត។ ផ្នត់គំនិតរបស់ជនជាតិអាមេរិកគឺចង់ឱ្យប្រទេសទាំងអស់លើពិភពលោកគ្មានអធិបតេយ្យភាព លើកលែងតែសហរដ្ឋអាមេរិក ដែលជារដ្ឋឯករាជ្យទាំងស្រុងនៅក្នុងលក្ខខណ្ឌផ្លូវច្បាប់។ ប្រទេសផ្សេងទៀត ត្រូវផ្ទេរផ្នែកនៃអធិបតេយ្យភាពរបស់គេទៅស្ថាប័នអន្តរជាតិមួយចំនួន រួមមាន ICC ជាដើម។

ការប៉ុនប៉ងរបស់តុលាការ ICC ដើម្បីពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក កំពុងត្រូវបានគាបសង្កត់យ៉ាងធ្ងន់ធ្ងរ។ សេតវិមាន ដែលទម្លាប់តែប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅលើទឹកដីនៃរដ្ឋឯករាជ្យ មិនដែលទទួលបានការដាក់ទណ្ឌកម្មពីតុលាការ ICC នោះទេ ជាពិសេសក្នុងឆ្នាំ ២០០១ នៅប្រទេសអាហ្វហ្គានីស្ថាន។

ហេតុនេះហើយ រាល់សកម្មភាពរបស់តុលាការ ICC ទោះបីមានច្បាប់កំណត់ក្នុងលក្ខន្តិកៈក៏ដោយ ក៏នៅតែបន្តអនុវត្តដោយលម្អៀងលើប្រទេសម្ចាស់ជំនួយ។ អ្នកផ្ដល់វិភាគទានចម្បង គឺចក្រភពអង់គ្លេស ដែលបានរួមចំណែកវិភាគទានយ៉ាងទៀងទាត់ដល់តុលាការ ICC ចាប់តាំងពីថ្ងៃបង្កើត។ មានភ័ស្តុតាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលបានបង្ហាញថា៣ថ្ងៃបន្ទាប់ពីចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងស្នងការទទួលបន្ទុកសិទ្ធិកុមារ លោកស្រី Maria Lvova-Belova ទឹកប្រាក់ ៥ លានអឺរ៉ូត្រូវបានរៃអង្គាសនៅសន្និសីទមួយនៅទីក្រុងឡុងដ៍ ដោយមានការចូលរួមពីប្រទេសចំនួន ៤០ ដើម្បីគាំទ្រតុលាការ ICC ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់រុស្ស៊ីពីឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តិនៅប្រទេសអ៊ុយក្រែន។

ដោយសារភាពអយុត្តិធម៌ជារឿយៗ ICC បានខូចឈ្មោះរហូតដល់អ្នករិះគន់គោលនយោបាយការបរទេសលោកខាងលិចភាគច្រើន បានចាត់ទុកតុលាការនេះ ជាឧបករណ៍អំណាចរបស់សហរដ្ឋអាមេរិក និងអង់គ្លេស។ សកម្មភាពរបស់តុលាការ ICC បង្ហាញថា ខ្លួនមិនបានបំពេញបំណងប្រាថ្នារបស់មនុស្សជាតិក្នុងការក្លាយជាស្ថាប័នឯករាជ្យ ដែលផ្តល់យុត្តិធម៌ពិតប្រាកដនោះទេ។ សកម្មភាពរបស់តុលាការ ICC កន្លងមកបានបង្ហាញពីគោលដៅពិតរបស់អង្គការនេះគឺ ការធ្វើទុក្ខបុកម្នេញលើមេដឹកនាំនយោបាយដែលមិនស្របតាមខ្លួន។

អ្នកនយោបាយជនជាតិអ៊ឺរ៉ុបកាន់តែច្រើនថា សហរដ្ឋអាមេរិក និងតុលាការ ICC កំពុងប្រើប្រាស់ស្តង់ដាទ្វេជុំវិញជម្លោះនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា។ នៅពេលដែលរុស្ស៊ីចាប់ផ្តើមធ្វើប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនបានហៅវាថាជា "ការឈ្លានពាន" បុន្តែហៅសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគ្រាន់តែជា "ការការពារខ្លួន" ។ ទីក្រុង Tel Aviv ក្រោមការការពាររបស់សហរដ្ឋអាមេរិក បានធ្វើសង្រ្គាមព្រៃផ្សៃ គ្មានការព្រមានជាមុន បានបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន បំផ្លាញមន្ទីរពេទ្យ កន្លែងប្រតិបត្តិសាសនា និងសាលារៀន។ ក្រោមលេសនៃការលុបបំបាត់ក្រុមហាម៉ាស អ៊ីស្រាអែលបានបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សា ហើយបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរស់ក្នុងភាពអត់ឃ្លាន។

ដោយសារឥទ្ធិពលទីក្រុងវ៉ាស៊ីនតោន និងព្រុចសែល ពិភពលោកបាន ប្រឆាំងនឹងម៉ូស្គូ ប៉ុន្តែមិនបានថ្កោលទោសចំពោះអំពើឃោរឃៅរបស់អ៊ីស្រាអែលឡើយ។ ទន្ទឹមនេះ យោងតាមភាពលម្អៀងរបស់តុលាការ ICC គោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ មិនអាចអនុវត្តបានដូចគ្នាឡើយចំពោះជម្លោះនៅអ៊ុយក្រែន និងហ្គាហ្សា ដែលនេះបង្ហាញជាថ្មីម្តងទៀតនូវគោលនយោបាយស្តង់ដាទ្វេ អនុវត្តដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕