(គែរ)៖ អ្នកនាំពាក្យម្នាក់របស់យោធាហាម៉ាស នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះបានអះអាងថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានចាប់ខ្លួនទាហានអ៉ីស្រាអែលជាច្រើននាក់ អំឡុងការវាយប្រយុទ្ធគ្នា ក្នុងទីក្រុង Jabalia ស្ថិតនៅភាគខាងជើងនៃតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ខណៈយោធាអ៉ីស្រាអែលច្រានចោលការអះអាងនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យកងពលតូច Al Qassam របស់ហាម៉ាស លោក Abu Ubaida មិនបានបញ្ជាក់ថាមានទាហានអ៉ីស្រាអែលប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននោះទេ ហើយក៏មិនបាន បង្ហាញភស្តុតាងដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួននោះដែរ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ ក្នុងខ្សែអាត់សំឡេងមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Al Jazeera ថា «ក្រុមអ្នកប្រយុទ្ធរបស់យើងបានបញ្ឆោតកងកម្លាំង Zionist (អ៉ីស្រាអែល) មួយក្រុមឱ្យចូលអន្ទាក់ក្នុងការប្រយុទ្ធក្នុងផ្លូវរូងក្រោមដីមួយ...ក្រុមអ្នកប្រយុទ្ធ របស់យើងបានដកថយចេញ ដោយបន្សល់ទុកនូវសាកសពរបស់កងកម្លាំង Zionist អ្នករងរបួស និងអ្នកត្រូវបានចាប់ខ្លួន»

ក៏ប៉ុន្តែ នៅថ្ងៃអាទិត្យនេះដែរ យោធាអ៉ីស្រាអែលបានចេញមុខច្រានចោលការអះអាងរបស់ក្រុមហាម៉ាស។ «កងកម្លាំង IDF បានបញ្ជាក់ថាមិនមានការវាយប្រយុទ្ធដែល ទាហានណាម្នាក់ត្រូវបានចាប់ខ្លួននោះទេ»។ នេះជាការបញ្ជាក់របស់យោធាអ៉ីស្រាអែលក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ក្រុមហាម៉ាស កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ជាច្រើនថាកិច្ចចរចាស្ដីពីបទឈប់បាញ់ក្នុង សង្រ្គាមហ្កាហ្សា អាចនឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗ៕