(រ៉ូម)៖ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បានលើកឡើងថា G7 នឹង​រិះរក​មធ្យោបាយក្នុង​ការ​ប្រើប្រាស់ថវិកាដែលបានមកពី​ទ្រព្យ​សម្បត្តិរុស្ស៉ី ដែល​ត្រូវបានបង្កក​ដើម្បី​យកទៅជួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ ២០២៤។

បើតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែល Reuters ទទួលបាន G7 និងសម្ព័ន្ធមិត្ត បានបង្កកទ្រព្យសម្បត្តិរុស្ស៉ីប្រមាណ ៣០០ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីទីក្រុងមូស្គូចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ ២០២២។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដដែលនោះ គូសបញ្ជាក់ថា «យើងកំពុងធ្វើឱ្យមានវិវឌ្ឍន៍នៅក្នុងកិច្ចពិភាក្សារបស់យើងលើមធ្យោបាយណាដែលមានប្រសិទ្ធភាព ដើម្បីយកថវិកាពីទ្រព្យសម្បត្តិរុស្ស៉ីទៅប្រើជាប្រយោជន៍សម្រាប់អ៊ុយក្រែន»។

គួរបញ្ជាក់ថា ក្រុមអ្នកចរចា G7 បានពិភាក្សាគ្នាអស់រយៈពេលច្រើនសប្តាហ៍មកហើយអំពីរបៀប ប្រមូលយកទ្រព្យសម្បត្តិរុស្ស៉ី ដែលភាគច្រើនត្រូវបាននៅតាមធនាគារដែលមានមូលដ្ឋានៅអឺរ៉ុប។ សហរដ្ឋអាមេរិក ក៏បាននិងកំពុងជំរុញដៃគូ G7 របស់ខ្លួនដូចជា ជប៉ុន អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៉ីតាលី និងកាណាដា ឱ្យចូលរួមគាំទ្រផែនការប្រាក់កម្ចីដែលអាចផ្តល់កម្ចីឱ្យទីក្រុងកៀវនូវថវិកាចំនួន ៥០ពាន់លានដុល្លារក្នុងពេលដ៏ខ្លីខាងមុខ៕