(វ៉ាស៊ីនតោន)៖ កងទ័ពរំដោះប្រជាជនចិន PLA កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ និងនៅថ្ងៃសុក្រ ទី២៤ ខែឧសភា បានបើកធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់។ សមយុទ្ធដែលមានឈ្មោះថា Joint Sword 2024A មាន រយៈពេល ២ថ្ងៃ គឺជាសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់ចិន ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ នៅពេលប៉េកាំងដឹកនាំការធ្វើសមយុទ្ធជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក ជាទីដែលលោកស្រីបានជួបអតីតប្រធានរដ្ឋសភាអាមេរិក លោក Kevin McCarthy។

តាមទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (ETC) សមយុទ្ធនេះធ្វើឡើងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅផ្នែកខាងជើង ភាគខាងត្បូង និងខាងកើតកោះតៃវ៉ាន់ រួមទាំងក្នុងតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ផងដែរ ដែលសុទ្ធសឹងស្ថិតនៅកៀកនឹងឆ្នេររបស់ចិនជាងតៃវ៉ាន់ទៅទៀត។ សមយុទ្ធនេះផ្តោតលើការហ្វឹកហាត់ ធ្វើសកម្មភាពរួមគ្នារវាងកងទ័ពជើងគោក ជើងអាកាស ជើងទឹក និងកងកម្លាំងមីស៊ីល និងការវាយប្រហារដោយកំណត់គោលដៅជាក់លាក់។ ETC ក៏បានកត់សម្គាល់ផងដែរថាសមយុទ្ធ Joint Sword 2024A ជាការដាក់ទោសយ៉ាងធ្ងន់ធ្ងរលើ «កងកម្លាំងឯករាជ្យនិយមរបស់តៃវ៉ាន់»។ នៅថ្ងៃសុក្រ ទី២៤ ខែឧសភានោះដែរ PLA បានបញ្ជាក់ថាសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់ គឺជាការតេស្តសមត្ថភាពវាយចូលកាន់កាប់កោះតៃវ៉ាន់ ហើយថារាល់សកម្មភាពញុះញង់ និងបង្ករឿងថ្មីណាមួយរបស់កងកម្លាំងឯករាជ្យនិយមតៃវ៉ាន់នឹងជំរុញឲ្យចិនចាត់វិធានការវាយបកយ៉ាងខ្លាំងជាទីបំផុត។

សមយុទ្ធនេះធ្វើឡើង តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយតៃវ៉ាន់បានអះអាងកាលពីថ្ងៃទី១៤ ខែឧសភាថាយន្ដហោះយោធាចិន ៤៥គ្រឿង និងនាវាចម្បាំង៦គ្រឿង បានចូលក្នុងតំបន់កំណត់ដែនអត្តសញ្ញាណការពារអាកាសរបស់តៃវ៉ាន់ (ADIZ)។

បើប្រៀបធៀបទៅនឹងការធ្វើសមយុទ្ធមុនៗរបស់ចិននៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមយុទ្ធ Joint Sword 2024A បានបង្កការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែតៃវ៉ាន់ តួយ៉ាងដូចជាកំពង់ផែ Kaohsiung, Taipei និង Keelung ដែលសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាទំនើបៗរបស់តៃវ៉ាន់ ជាមួយពិភពលោក។ ការរំខានបែបនេះអាចនឹងមានរយៈពេលជាច្រើនថ្ងៃ ប្រសិនបើចិនអូសបន្លាយពេលធ្វើសមយុទ្ធ ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីខែសីហា ឆ្នាំ២០២២​ ខណៈការដាក់ឈ្មោះសមយុទ្ធថា Joint Sword 2024A ត្រូវបានគេមើលឃើញថាអាចនឹងមានសមយុទ្ធបន្តបន្ទាប់ទៀតដូចជា Joint Sword 2024B និង Joint Sword 2024C ជាដើម។

លើសពីនេះទៅទៀត សមយុទ្ធនេះក៏អាចជាសារបញ្ជាក់ដែរថាចិននឹងបង្កើនការដាក់សម្ពាធខាងយោធាលើតៃវ៉ាន់ នៅក្រោមអាណត្តិដឹកនាំរបស់លោក Lai Ching-te ហើយចិនអាចនឹងធ្វើសមយុទ្ធកាន់តែធំជាងនេះទៅទៀត ប្រសិនបើសហរដ្ឋអាមេរិកបង្កើនការគាំទ្រផ្នែកយោធា និងការទូតជាមួយតៃវ៉ាន់។ ជាមួយការធ្វើសមយុទ្ធភ្លាមៗ ក្រោយលោក Lai ស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ទីក្រុងប៉េកាំងកំពុងបង្ហាញថាចិននៅតែបន្តត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបដោយយោធាទៅនឹងអ្វីដែលខ្លួនហៅថាជា «កងកម្លាំងឯករាជ្យនិយម» នៅកោះតៃវ៉ាន់។ បានន័យថាមធ្យោបាយចម្បងមួយរបស់ចិនក្នុងការដាក់សម្ពាធលើតៃវ៉ាន់ នោះគឺការសម្លុតគំរាមខាងយោធាលើតៃវ៉ាន់នៅក្រោមអាណត្តិ ដឹកនាំ៤ឆ្នាំរបស់លោក Lai។ នេះអាចនឹងបង្កើនការភ័យខ្លាចពីលទ្ធភាពដែលចិនអាចនឹងប្រើកម្លាំងយោធាវាយតៃវ៉ាន់ រួមទាំងការបង្កការរំខានរយៈពេលវែងដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗនៅជុំវិញកោះតៃវ៉ាន់ រួមទាំងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីបដែលតៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនេះ។

តែទោះជាបែបនេះក្ដី លទ្ធភាពដែលចិនប្រើកម្លាំងយោធាវាយតៃវ៉ាន់ទំនងជានឹងមិនកើតឡើងក្នុងរយៈពេល ២ ឬ៣ឆ្នាំខាងមុខនោះទេ ហើយបញ្ហាចម្បង គឺមកពីចិនខ្លួនឯងមិនទាន់ធ្វើ ទំនើបកម្មយោធាបានទំាងស្រុង រីឯសេដ្ឋកិច្ចនៅតែងាយរងគ្រោះទៅនឹងទណ្ឌកម្មរបស់លោកខាងលិច។ ផ្ទុយទៅវិញ សមយុទ្ធរបស់ចិននឹងកាន់តែជំរុញឱ្យសភាទាំង២ របស់អាមេរិក ពន្លឿនការដឹកជញ្ជូនអាវុធឱ្យតៃវ៉ាន់ ហើយបើកផ្លូវឱ្យប្រធានរដ្ឋសភាអាមេរិកសព្វថ្ងៃ លោក Mike Johnson កាន់តែមានការតាំងចិត្តចំពោះការរៀបចំជំនួបជាមួយលោក Lai ដើម្បី បង្ហាញពីសាមគ្គីភាព ជាពិសេសនៅក្នុងករណីដែលចិនអូសបន្លាយពេលធ្វើសមយុទ្ធ។ បើជំនួបនេះកើតឡើងមែន នោះចិនអាចនឹងដឹកនាំការធ្វើសមយុទ្ធកាន់តែធំជាងមុនទៅទៀត៕