(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញសញ្ញា នៃការត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណបនៅក្នុងប្រទេសកូរ៉េខាងជើង ដែលអាចបង្ហាញពីការប៉ុនប៉ងរបស់ប្រទេសនេះ ក្នុងការដាក់ពង្រាយផ្កាយរណបឈ្លបយកការណ៍យោធាទីពីរចូលទៅក្នុងគន្លង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បានបង្ហើបថា ទាំងអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានសកម្មភាពយ៉ាងដិត ដល់នៅតំបន់ Dongchang-ri ដែលជាមជ្ឈមណ្ឌលអវកាសចម្បងរបស់ប្រទេសកូរ៉េខាងជើង នៅតំបន់ភាគពាយ័ព្យនៃប្រទេស។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតជាក់លាក់អំពីការរៀបចំនេះ មិនត្រូវបានលម្អិតឱ្យដឹងនោះទេ។

កូរ៉េខាងជើង ធ្លាប់បានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនកាលពីឆ្នាំមុន ដោយមានការអះអាងថា មេដឹកនាំគីម ជុងអ៊ុន បានពិនិត្យរូបភាពដែលថតបានពីទីតាំងខ្ពស់ៗ រួមទាំងសេតវិមាន និងមន្ទីរបញ្ចកោណផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានបញ្ចេញរូបថតណាមួយដែលថតដោយផ្កាយរណបនោះទេ។

ការបាញ់បង្ហោះដំបូងបាននាំឱ្យមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយបានបណ្តាលឱ្យទីក្រុងសេអ៊ូលផ្អាកផ្នែកខ្លះ នៃកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ ជាមួយទីក្រុងព្យុងយ៉ាង។ ជា​ការ​សងសឹក កូរ៉េ​ខាង​ជើង​បាន​លុប​ចោល​កតិកាសញ្ញា​នេះ ហើយ​បាន​សាងសង់​ផ្ទះ​យាម​ដែល​បាន​រុះ​រើ​ពី​មុន​នៅ​ជិត​ព្រំដែន។ រដ្ឋឯកោមួយនេះ ក៏បានសន្យាថានឹងបាញ់បង្ហោះផ្កាយរណបចំនួនបីបន្ថែមទៀតនៅក្នុងឆ្នាំនេះផងដែរ។

នៅក្នុងបរិបទនៃការប្រណាំងប្រជែងអវកាសដែលកំពុងបន្ត កូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មក្នុងស្រុកទីពីររបស់ខ្លួនកាលពីដើមឆ្នាំនេះ ដោយប្រើរ៉ុក្កែត SpaceX Falcon 9 ពីមជ្ឈមណ្ឌលអវកាស John F. Kennedy ក្នុងរដ្ឋផ្លរីដា។

ប្រទេសកូរ៉េខាងជើងបានការពារកម្មវិធីផ្កាយរណបរបស់ខ្លួនថា ជាការអនុវត្តស្របច្បាប់នៃសិទ្ធិការពារស្វ័យការពាររបស់ខ្លួន ដោយបានរិះគន់ប្រតិកម្មរបស់ទីក្រុងវ៉ាស៊ីនតោនថាជា ការអនុវត្តស្តង់ដារទ្វេរដង ទាក់ទងនឹងការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងត្បូង៕