(ប៉េកាំង)៖ ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា រាល់ប្រទេសដែលចង់បង្កើតទំនាក់ទំនងផ្លូវទូត ជាមួយប្រទេសចិន គឺត្រូវប្រកាន់ខ្ជាប់យ៉ាងដាច់ខាតនូវ «គោលការណ៍ចិនតែមួយ» ដែលជាបន្ទាត់ក្រហមរបស់ប្រទេសចិន ក្នុងទំនាក់ទំនងអន្តរជាតិ។

តើអ្វីទៅជាគោលការណ៍ចិនតែមួយ?
និយាយជារួម គោលការណ៍ចិនតែមួយគឺជាគោលការណ៍ ដែលកំណត់ថាតំបន់ចិនដីគោក និងតំបន់តៃវ៉ាន់ជាប្រទេសចិនតែមួយ ដែលគោលការណ៍នេះ ជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ វាបានបង្កើតឡើង ក្រោមការតស៊ូរបស់ប្រជាជនចិន ក្នុងការគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ ដែលមានមូលដ្ឋាននៃផ្លូវច្បាប់ និងភស្តុតាងជាក់ស្តែង ដែលមិនអាចធ្វើឱ្យរង្គោះរង្គើបាន ហើយត្រូវបានកំណត់ជាក្រមទំនាក់ទំនងអន្តរជាតិ ក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ការដែលនិយាយថា តំបន់តៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីចិន វាមិនមែនជាការអះអាងដោយប្រយោល ឬតាមតែមាត់នោះទេ ពោលគឺវាមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ។ តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយ នៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើក ឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង។ ចាប់ពីឆ្នាំ ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់ បានឡើងចុះជាច្រើនដងដោយសារស្ថិតក្រោមអាណានិគម និងការឈ្លានពានរបស់បរទេស ហើយទីបំផុតត្រូវបានប្រទេសចិនដណ្តើមយកមកវិញ។

កាលពីខែធ្នូ ឆ្នាំ ១៩៤៣ នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានរួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុន ទន្ទ្រានយកឱ្យទៅប្រទេសចិនវិញ»។ បន្ទាប់មក មាត្រាទី ៨ នៃ«សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នា ដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងឆ្នាំ ១៩៤៥ បានចែងថា «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ត្រូវអនុវត្តឱ្យបានជាដាច់ខាត។ ប្រទេសជប៉ុនបានទទួលយក «សេចក្តីប្រកាសក្រុង Postdam» និងប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។

ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិមក អង្គការសហប្រជាជាតិ ក៏បានទទួលស្គាល់ថា រដ្ឋាបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ចំណែកតំបន់តៃវ៉ាន់គ្រាន់តែជាផ្នែកមួយ របស់ប្រទេសចិនតែប៉ុណ្ណោះ ហើយការលើកឡើងពី «គោលការណ៍ចិនតែមួយ» របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។

បច្ចុប្បន្ន មានប្រទេសចំនួន ១៨៣ បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ ដែលជាការពិតបង្ហាញយ៉ាងប្រចក្សថា គោលការណ៍ចិនតែមួយជាសច្ចភាពអន្តរជាតិ ដែលមិនអាចប្រកែកបាន។ យ៉ាងណាមិញ មានប្រទេសមួយចំនួនតូច ដែលខ្លាចប្រទេសចិនអភិវឌ្ឍលឿនជាងខ្លួន តែងយកបញ្ហាតៃវ៉ាន់មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងគោលបំណងបង្អូសបង្អាក់ការអភិវឌ្ឍរបស់ចិន ហើយអាជ្ញាធរតៃវ៉ាន់ដែលចង់ «ឯករាជ្យ» តាមរយៈការពឹងផ្អែកលើ កម្លាំងខាងក្រៅដែលជាទង្វើក្បត់នឹងផលប្រយោជន៍ និងឆន្ទៈប្រជាជនដោយងងឹតងងុល ក៏តែងហក់លោតបង្ករឿងយ៉ាងគឃ្លើន។

ប៉ុន្តែទោះជាយ៉ាងណាក្តី សច្ចភាពនឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់។ តួយ៉ាងដូចជាការវិវឌ្ឍថ្មីៗនេះ នៃសភាពការណ៍នៅកោះតៃវ៉ាន់ មានប្រទេសជាច្រើនដែលបានចេញសេចក្តីថ្លែងការណ៍ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ និងការបង្រួបបង្រួមជាតិរបស់ប្រទេសចិន។ ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ ដោយទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិន។ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ។

ជាការពិតណាស់ សំឡេងសច្ចភាពទាំងនេះជាការឆ្លុះបញ្ចាំងថា មិនថាអាជ្ញាធរតៃវ៉ាន់ឬកម្លាំងខាងក្រៅណា ដែលប៉ុនប៉ងធ្វើអបគមន៍ ឱ្យតៃវ៉ាន់ឯករាជ្យ សុទ្ធតែជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ ល្មើសនឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ និងល្មើសនឹងឆន្ទៈ របស់ប្រជាជន ដែលទីបំផុតមុខជានឹងត្រូវបរាជ័យទាំងស្រុងជាមិនខាន។ ការបង្រួបបង្រួមជាតិរបស់ប្រទេសចិនជារឿង ដែលគង់នឹងសម្រេចបាន ជាដាច់ខាតគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន