(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro នៅថ្ងៃសុក្រនេះ បានលើកឡើងថា ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ជាទីដែលចិនកំពុងតែធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។

ថ្ងៃសុក្រនេះ គឺជាថ្ងៃទី២ នៃការធ្វើសមយុទ្ធយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង បាននិយាយថា សកម្មភាពយោធានេះ មានគោលដៅបម្រើជា សារព្រមានធ្ងន់មួយ ចំពោះមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ដែលទើបស្បថចូលកាន់តំណែង។ លោក Teodoro បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំនឹងមិនផ្តល់សេចក្តីអត្ថាធិប្បាយអ្វីទាំងអស់ ស្តីពីច្រកសមុទ្រតៃវ៉ាន់ ដ្បិតវាគឺជាបញ្ហាផ្ទៃក្នុង»

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន ហើយលោក Lai ត្រូវបានទីក្រុងប៉េកាំង ថ្កោលទោសជា ជនផ្តាច់ខ្លួន។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្កឱ្យមានការខឹងសម្បារពីចិន នៅពេលដែលលោកបានចូលរួមអបអរសាទរ លោក Lai ក្រោយការជាប់ឆ្នោតកាលពីខែមករា ដើមឆ្នាំនេះ។ ជាការឆ្លើយតប ចិនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន និងព្រមានទីក្រុងម៉ានីលកុំឱ្យលលេងជាមួយភ្លើង ហើយហៅសារអបអររបស់លោក Marcos ថាជាសកម្មភាពជ្រៀតជ្រែកឥតខ្មាស់អៀន និងជាការបំពាន​ធ្ងន់ធ្ងរមួយ ចំពោះគោលការណ៍ចិនតែមួយ៕