(មីនស្កិ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសបេឡារុស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សម្រាប់ការពិភាក្សាជាមួយសមភាគីរបស់លោក គឺលោក Alexander Lukashenko ដោយគេរំពឹងថានឹងផ្តោតលើបញ្ហាសន្តិសុខ ក៏ដូចជាការធ្វើសមយុទ្ធនុយក្លេអ៊ែរតាក់ទិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ ២០២៤។

ទីក្រុងមីនស្កិ៍ Minsk គ្រោងចូលរួមក្នុងសមយុទ្ធដែលនឹងត្រៀមលក្ខណៈ សម្រាប់ការបាញ់អាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទំហំតូច (នុយក្លេអ៊ែរតាក់ទិក) សម្រាប់ប្រើប្រាស់ក្នុងសមរភូមិ។ បើតាមការដកស្រង់សម្តីរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី លោក ពូទីន បាននិយាយថា «យើងនឹងពិភាក្សាគ្នាគ្រប់ចំណុចទាំងអស់ រួមទាំងបញ្ហាសន្តិសុខដែលត្រូវយកចិត្តទុកដាក់ខ្លាំង។ យើងមានរឿងជាច្រើនដែលត្រូវនិយាយគ្នា ហើយគ្រប់យ៉ាងមានស្ថិរភាព និងដំណើការទៅមុខ»។ លោក ពូទីន បានបន្ថែមថា ការពិភាក្សាអំពីសមយុទ្ធដំណាក់កាលទី ២ ជាមួយនិងអាវុធនុយក្លេអ៊ែរតាក់ទិក ក៏ស្ថិតក្នុងរបៀបវារៈផងដែរ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគនុយក្លេអ៊ែរ សមយុទ្ធនេះត្រូវបានរៀបចំឡើងជាសញ្ញាព្រមាន ដោយលោក ពូទីន ចង់រារាំងលោកខាងលិចពីការលូកដៃចូលកាន់តែជ្រៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ កន្លងមក លោកខាងលិចបានផ្តល់អាវុធ និងការស៉ើបការណ៍សម្ងាត់ ប៉ុន្តែបានបដិសេធមិនបញ្ជូនកងទ័ពមកជួយអ៊ុយក្រែន៕