(ហ្សឺណេវ)៖ ពិភពលោកកំពុងទន្ទឹងរង់ចាំមើលនូវលទ្ធផលពាក់ព័ន្ធនឹង សំណើមួយរបស់ប្រធានរដ្ឋអាជ្ញា ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និង មេដឹកនាំក្រុមហាម៉ាសជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងជម្លោះតំបន់ហ្គាហ្សា។

ភាពទន្ទឹងរង់ចាំនេះ គឺដើម្បីចង់ដឹងថាតើយុត្តិធម៌មួយដែលគេរំពឹងទៅលើតុលាការ ICC នឹងអាចកើតមានបានដែរទេ? តើបានដោយរបៀបណានិងមិនបានដោយរបៀបណា?

ក្តីខឹងសម្បារយ៉ាងខ្លាំងក្លាចំពោះរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC លោក Karim Khan ដែលស្នើរកដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu និងមេដឹក នាំហាម៉ាស់ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងជម្លោះតំបន់ហ្គាហ្សា បានបន្តលងអារម្មណ៍ មេដឹកនាំអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឆ្លើយតបដោយកំហឹងចំពោះព័ត៌ មានដែលនិយាយថាគាត់អាចប្រឈមមុខនឹងដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋ កម្មប្រឆាំងមនុស្សជាតិ ដូចនឹងអ្វីដែលគេបានចោទដាក់ទៅលើមេដឹកនាំក្រុមហាម៉ាស។
លោក​ Benjamin Netanyahu បាន​និយាយ​ថា វា​ជា​ភាពប្រមាថ​សីលធម៌​ដ៏ធំមួយនៃប្រវត្តិ សាស្ត្ររបស់អ៊ីស្រាអែល។ លោកបានថ្លែងថាអ៊ីស្រាអែល «កំពុងធ្វើសង្រ្គាមរកយុត្តិធម៌ប្រឆាំង នឹងក្រុមហាម៉ាសដែលជាអង្គការភេរវករប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តអំពើទន្ទ្រាន វាយប្រហារមកលើពលរដ្ឋជ្វីហ្វចាប់តាំងពីមានព្រឹត្តិការណ៍Holocaust » ដែលជាព្រឹត្តិការណ៍ នៃអំពើប្រល័យពូជសាសន៍ដាក់លើជនជាតិជ្វីហ្វនៅអឺរ៉ុបក្នុងសង្គ្រាមលោកលើកទី២នោះមក។

ហេតុអ្វីបានជាអ្នកធ្វើសង្គ្រាមប្រឆាំងនឹងការសម្លាប់រង្គាលដាក់មកលើពលរដ្ឋអ៊ីស្រាអែល នៃជ្វីហ្វសាសនា បែរជាត្រូវរងការចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើកាប់សម្លាប់រង្គាលនោះទៅវិញ?
លោក Netanyahu នៅក្នុងសម្តីនិយាយវាយប្រហារដាក់លើរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋ កម្មអន្តរជាតិ ICC បានចាត់ទុកលោក Karim Khan គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរើស អើងប្រឆាំងពលរដ្ឋជ្វីហ្វក្នុងសម័យទំនើបនេះ។
លោក Netanyahu បានថ្លែងថា «តាម​រយៈ​ការ​សម្រេច​ចិត្ត​ដែល​សែនក្តៅក្រហាយនេះ លោក Karim Khan បាន​យក​តំណែង​របស់​ខ្លួន ដាក់ក្នុង​ចំណោម​អ្នក​ប្រឆាំង​ពូជសាសន៍ជ្វីហ្វ​ក្នុង​សម័យ​ទំនើប​នេះ»។ លោក Netanyahu បន្តថា «លោក Karim Khan ពេលនេះគាត់ឈរ នៅជាមួយអតីតក្រុមចៅក្រមអាល្លឺម៉ង់ទុរយសដែលអនុវត្តច្បាប់បដិសេធពលរដ្ឋជ្វីហ្វនូវសិទ្ធិ ជាមូលដ្ឋានធំបំផុតរបស់ពួកគេ និងអាចជំរុញឱ្យពួកណាស៊ី ប្រព្រឹត្តបទឧក្រិដ្ឋដ៏អាក្រក់ដ៏ បំផុតក្នុងប្រវត្តិសាស្ត្រ»

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយបញ្ជាក់បន្តថា លោក Karim Khan គឺដូចជាចៅក្រមនានានៃ អតីតក្រុម Nazi អាល្លឺម៉ង់ ដែលបដិសេធសិទ្ធិជាមូលដ្ឋានរបស់ជនជាតិជ្វីហ្វ និងអ្នកជំរុញ បង្កើតព្រឹត្តិការណ៍ Holocaust។
លោកណេថាន់យ៉ាហ៊ូ​បាន​ចោទ​លោករដ្ឋអាជ្ញា​ICC កំពុងតែ «ចាក់​សាំង​យ៉ាង​ខ្លាំង​ទៅលើ​ភ្លើង​​ប្រឆាំង​នឹង​កំហឹងសាសនាជ្វីហ្វ​ ដែល​នឹងធ្វើឱ្យ​មានកំហឹងរាលដាលពាសពេញ​ពិភពលោក»

ប្រតិកម្មទៅនឹងសំណើចេញដីកាចាប់ខ្លួននេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃអង្គារបានចាត់ទុកសំណើរកការចេញដីកាចាប់ខ្លួនរូបលោក និងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ថាជាការប៉ុនប៉ង «គួរឱ្យអាម៉ាស់» ក្នុងការជ្រៀតជ្រែកចូលក្នុងសង្រ្គាម។
លោក Yoav Gallant បានសរសេរនៅលើបណ្តាញសង្គមថា «ការប៉ុនប៉ងរបស់រដ្ឋអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោកKarim Khan ដែលដើរខុសនឹងការពិត នឹងមិនអាច ទទួលបានជោគជ័យ…» និងលោកថាសម្តីរបស់រដ្ឋអាជ្ញាដែលប្រៀបធៀបដូចគ្នារវាង ក្រុមហា ម៉ាស់និងអ៊ីស្រាអែល គឺជាអំពើថោកទាបនិងគួរឱ្យស្អប់ខ្ពើម។

លោក Yoav Gallant និយាយ​ថា «រដ្ឋ​អ៊ីស្រាអែល​មិន​មែន​ជា​ភាគី​របស់​តុលាការ​ICCទេ ហើយ​អ៊ីស្រាអែលមិន​ទទួល​ស្គាល់​សិទ្ធិ​អំណាច​សម្រេចរបស់​តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ ឡើយ»
ប៉ុន្តែតុលាការ ICC បានថ្លែងថាគេមានយុត្តាធិការលើការសម្រេចអ្វីទាំងនោះបាន ដោយសារ តែប៉ាឡេស្ទីន គឺជាហត្ថលេខីមួយក្នុងចំណោមហត្ថលេខីនានាដែលជាសមាជិករបស់តុលាការ ICC។

ការជះកំហឹងដាក់មកលើរដ្ឋអាជ្ញាលោកKarim Khan ដែលជាមេធាវីនិងជាទីប្រឹក្សាព្រះម ហាក្សត្រនៃចក្រភពអង់គ្លេស គឺនៅបន្ទាប់ពីការធ្វើសក្ខីកម្មបង្ហាញជុំវិញថាតើមានអ្វីខ្លះ ដែលនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល និងមេដឹកនាំជាន់ខ្ពស់ហាម៉ាសបីរូប ទៀតបានជាប់ពាក់ព័ន្ធជុំវិញបទចោទប្រកាន់ឧក្រិដ្ឋកម្មកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ។
រដ្ឋអាជ្ញាលោកKarim Khan គឺជាបុគ្គលម្នាក់ដែលគេពណ៌នាថាគឺជាមនុស្សដែលតាំងចិត្តក្នុង ការគោរពនិងអនុវត្តច្បាប់អន្តរជាតិពាក់ព័ន្ធនឹងច្បាប់នៃជម្លោះប្រដាប់អាវុធគ្រប់ភាគីទាំងអស់ មិនថាភាគីណាជាភាគីណានោះទេ ហើយអ្វីដែលលោកបានរៀបរាប់ក្នុងអំពើចោទប្រកាន់ ជាមួយនឹងសេចក្តីស្នើរកការចេញដីកាចាប់ខ្លួននោះ សុទ្ធសឹងតែបានផ្អែកលើហេតុផលនិង ភស្ថុតាងដែលប្រមូលបាន។

ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយកាលពីថ្ងៃចន្ទថា គេមានមូលដ្ឋាន សមហេតុផលក្នុងការជឿថាលោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant របស់ អ៊ីស្រាអែល គឺជាមនុស្សទទួលខុសនូវអំពើឧក្រិដ្ឋក្នុងបទចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ Gaza។ ការចោទប្រកាន់ទាំងនោះរួមមាន ឧក្រិដ្ឋ កម្មបង្អត់អាហារដល់ជនស៊ីវិល, បង្កដោយចេតនាការឈឺចាប់ខ្លាំងក្លានិងរបួសធ្ងន់ធ្ងរដល់រាង កាយឬសុខភាព, អំពើសម្លាប់ដោយចេតនា, ដឹកនាំដោយចេតវាយប្រហារដាក់លើជនស៊ី វិលដែលជាឧក្រិដ្ឋកម្មសង្គ្រាម, អំពើសម្លាប់រង្គាលនិង/ឬឃាតកម្មផ្ទុយនឹងមាត្រាច្បាប់ រួមទាំង បរិបទនៃមរណភាពបណ្តាលមកពីការអត់អាហារដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, អំពើ ធ្វើទុក្ខបុកម្នេញដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើអមនុស្សធម៌ផ្សេងទៀតដែលជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បទចោទប្រកាន់ទាំងនោះ គឺផ្អែកលើសកម្មភាពប្រព្រឹត្តនៅលើ ទឹកដីរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាស្ទ្រីបចាប់​ តាំងពីថ្ងៃ ទី៨តុលាឆ្នាំ២០២៣។

ចំណែកមេដឹកនាំក្រុមហាម៉ាសបីរូបដែលរួមមានលោក Yahya Sinwar មេកើយដឹកនាំក្រុមហាម៉ាស់, លោក Mohammed Diab Ibrahim Al-Masri អគ្គមេបញ្ជាការកងទ័ពក្រុមហាម៉ាស និងលោក Ismail Haniyeh ដែលមេដឹកនាំ​ផ្នែកនយោបាយរបស់ហាម៉ាសក៏ត្រូវបានចោទ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ។
បទចោទទាំងនោះរួមមានអំពើសម្លាប់មនុស្សដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ការធ្វើ ឃាតដែលជាឧក្រិដ្ឋប្រឆាំងមនុស្សជាតិ, ការចាប់ចំណាប់ខ្មាំងដែលជាឧក្រិដ្ឋកម្មសង្គ្រាម, អំពើរំលោភសេពសន្ធវៈនិងហិង្សាលើ រាងកាយដែល ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, អំពើធ្វើទុក្ខទារុណក្នុងប្រភេទជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិផង, ឧក្រិដ្ឋកម្មសង្គ្រាម ផងក្នុងបរិបទក្នុងការចាប់ឃុំឃាំង, សកម្មភាពអមនុស្សធម៌ដទៃ ដែលជាឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិក្នុងបរិបទក្នុងការចាប់ឃុំឃាំង, ការធ្វើបាបក្នុងរបៀបថែទាំដ៏សាហាវឃោរឃៅ ដែលជាឧក្រិដ្ឋកម្មសង្គ្រាមក្នុងបរិបទនៃការចាប់ឃុំឃាំង និងកំហឹងចំពោះសេចក្តីថ្លៃថ្នូរផ្ទាល់ ដែលជាបទឧក្រិដ្ឋកម្មសង្គ្រាមក្នុងបរិបទនៃការចាប់ឃុំឃាំង»។ ការចោទប្រកាន់ប្រព្រឹត្តនូវអំពើទាំងនេះ គឺទាក់ទងនឹងហេតុការណ៍កើតឡើង នៅលើទឹកដី អ៊ីស្រាអែលនិងរដ្ឋប៉ាឡេស្ទីនក្នុង តំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧តុលាឆ្នាំ ២០២៣» នោះមក។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បានហៅចំណាត់ការរបស់រដ្ឋអាជ្ញា ICC លោក Karim Khanថាជា » ការវាយប្រហារចំពីមុខមួយដោយគ្មានការពិចារណា»ដាក់ទៅលើជនរង គ្រោះដោយសារអំពើវាយប្រហារថ្ងៃទី៧តុលា និងថាវាជា «ភាពអាម៉ាស់ប្រវត្តិសាស្ត្រដែលនឹង ចងចាំជារៀងរហូត»។ ប៉ុន្តែរដ្ឋអាជ្ញាតុលាការ ICC បានបកស្រាយពាក់ព័ន្ធនឹងច្បាប់នៃជម្លោះ ប្រដាប់អាវុធថា «គ្មានទាហានថ្មើរជើងណា, គ្មានមេបញ្ជាការណា, គ្មានមេដឹកនាំស៊ីវិលណា និងគ្មាននរណាទាំងអស់…ដែលធ្វើសកម្មខុសច្បាប់ហើយ និងមិនត្រូវបានច្បាប់ដាក់ទោសនោះទេ។ លោកបានថ្លែងថា «ច្បាប់មិនអាចអនុវត្តទៅលើតែមួយចំហៀងបានទេ។ ប្រសិន ណាបើមានហេតុការណ៍កើតឡើងហើយ គេត្រូវតែរៀបចំសំណុំរឿងដើម្បីដោះស្រាយលើបញ្ហានោះ»

***សហរដ្ឋអាមេរិកប្រឆាំងនឹងដីកាស្នើចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល

ការអនុវត្តច្បាប់ជាអន្តរជាតិដើម្បីស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ ធ្វើសង្គ្រាមដែលបង្កឱ្យមាន មនុស្សស្លាប់ទាំងសងខាងនេះបានធ្វើឱ្យប្រទេសដែលមានទំនោរនយោបាយជាពិសេស សហរដ្ឋអាមេរិកបានប្រឆាំងយ៉ាងខ្លាំងក្លាទៅវិញ។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលតែង ការពារប្រទេសអ៊ីស្រាអែលជាប់ប្រចាំ ទាំងការការពារនយោបាយការទូត និងការផ្តល់អាវុធ សម្លាប់មនុស្សផងដែរ។ កាលពីចុងខែមេសាឆ្នាំ២០២៤, សហរដ្ឋអាមេរិកទើបបានអនុម័ត កញ្ចប់ជំនួយយោធា២៦ពាន់លានដុល្លារដល់អ៊ីស្រាអែល ដើម្បីធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាស់។
ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានថ្លែងកាលពីថ្ងៃទី២០ឧសភាការពារអ៊ីស្រាអែល ដោយមិនឱ្យមានការប្រៀបធៀបរវាងទង្វើរបស់អ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងលោកចូ បៃដិនបានថ្លែងថាអ្វីដែលអ៊ីស្រាអែលបានធ្វើ គឺដើម្បីតែការពារប្រជាជនស៊ីវិលរបស់ខ្លួន និង លោកថាអ្វីដែលអ៊ីស្រាអែលបានធ្វើកន្លងមកនេះ មិនមែនជាអំពើសម្លាប់ប្រល័យពូជសាសន៍ឡើយ។ នេះជាប្រសាសន៍របស់លោកចូបៃដិនដែលបង្ហាញការការពារដល់អ៊ីស្រាអែល។

សង្គ្រាមអ៊ីស្រាអែលហាម៉ាសក្នុងរយៈពេល៧ខែកន្លងមកនេះ មានជនជាតិប៉ាឡេស្ទីនស្លាប់ ជាង៣ម៉ឺន៥ពាន់នាក់និងរងរបួសប្រមាណ៨ម៉ឺននាក់។
សង្គ្រាមនៅក្នុងអ៊ីស្រាអែលត្រូវគេមើលឃើញថា មានភាពវិនាសកម្មខ្លាំងជាងសង្គ្រាមក្នុងទឹក ដីភាគខាងកើតរបស់អ៊ុយក្រែន ដោយត្រឹមរយៈពេល៧ខែកន្លងមកនេះ តួលេខមនុស្សស្លាប់ និងរបួសនិងការបំផ្លិចបំផ្លាញមានភាពខ្ទេចខ្ទាំជាងនៅក្នុងសង្គ្រាមអ៊ុយក្រែនទៅទៀត។ គិតត្រឹមថ្ងៃទី២១ឧសភា មនុស្សស្លាប់ទាំងសងខាងទាំងប៉ាឡេស្ទីន, ទាំងភាគីអ៊ីស្រាអែល, ទាំងក្រុមអង្គការមនុស្សធម៌និងទាំងអ្នកសារព័ត៌មានផង ត្រូវគេរាយការណ៍បូក សរុបមាន ច្រើនដល់៣ម៉ឺន៧ពាន់នាក់ ជាពិសេស ស្ត្រីនិងកុមារ បានបាត់បង់ជីវិតដោយសារតែ សង្គ្រាម បិទខ្ទប់មិនឱ្យមានមនុស្សរត់ចាកចេញ បានឡើយ។

ពិភពលោកបានថ្កោលទោសជាខ្លាំងចំពោះសង្គ្រាមដែលធ្វើឱ្យបាត់បង់ជីវិត មនុស្សជាច្រើន យ៉ាងនេះនិងបានស្នើឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិចាត់វិធានការដាក់ទោស អ្នកបង្កអំពើ ការកាប់សម្លាប់នេះ។ ប៉ុន្តែការចង់ស្វែងរកយុត្តិធម៌របស់តុលាការ ICC សម្រាប់អ្នករងគ្រោះទាំងនោះ កំពុងរារាំង ដោយអំពើជ្រៀតជ្រែកនយោបាយជាពិសេសការចោទប្រកាន់ត្រូវបានគេទម្លាក់ដាក់មកលើ​សហរដ្ឋអាមេរិក។

ការស្នើចេញដីកាចាប់ខ្លួនអ្នកដឹកនាំការធ្វើសង្គ្រាមដ៏មហាប្រល័យនេះ ក៏ធ្លាប់បានធ្វើដាក់ទៅ លើមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីនផងដែរកាលពីខែមីនាឆ្នាំ២០២៣។
ការចេញដីកានោះ ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលនោះ បានថ្លែងអបអរសាទ ដោយនិយាយថា វាជាអំពើយុត្តិធម៌, វាជាចំណុចដ៏សំខាន់និងថាសហរដ្ឋអាមេរិកបានគាំទ្រ។
ប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិកមិនគាំទ្រ គឺសំណើរបស់រដ្ឋអាជ្ញាតុលាការ ICC នាពេលនេះ។
សំណួរមួយដែលបានដាក់ចេញមកនេះ គឺហេតុអ្វីបានជារឿងចាប់លោកពូទីនគឺជារឿងយុត្តិធម៌ ប៉ុន្តែសំណើចាប់ខ្លួនអ្នកបង្កសង្ក្រាមនៅហ្គាហ្សាដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានធ្វើ ដូចគ្នា បែត្រូវសហរដ្ឋអាមេរិកមើលឃើញថា វាជាអំពើអយុត្តិធម៌ទៅវិញ។

អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សបានត្អូញត្អែរថាជាច្រើនឆ្នាំរូចមកហើយប្រទេសលោកខាងលិច ដ៏មានឥទ្ធិពលដឹកនាំដោយសហរដ្ឋអាមេរិក តែងបង្វែរភ្នែកសាធារណមតិមិនឱ្យគេមើល ឃើញអំពើបំពានច្បាប់អន្តរជាតិរបស់អ៊ីស្រាអែលឡើយ។

សហរដ្ឋអាមេរិកនាពេលនេះ មិនត្រឹមតែប្រឆាំងនឹងការស្នើចេញដីកាចាប់ខ្លួនប៉ុណ្ណោះទេ, ប្រទេសដែលអះអាងជាបិតាលទ្ធិប្រជាធិបតេយ្យរបស់ពិភពលោក ថែមទាំងស្វែងរកការ ដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC នេះថែមទៀត។ គេបានចាត់ទុកថាទង្វើរបស់ សហរដ្ឋអាមេរិកនេះ គឹជាសម្ពាធដាក់បង្ខំមកលើតុលាការនៅមុនការចេញសេចក្តីសម្រេច។
ក្រុមអ្នកតាមដានសភាពការណ៍នយោបាយបានថ្លែងថា ការព្យាយាមឱ្យតម្លៃយុត្តិធម៌ ស្ថិតនៅ ចំកណ្តាលរបស់តុលាការ ICC នាពេលនេះ ទំនងនឹងត្រូវជួបនឹងឧបសគ្គដ៏ធំដែល គេកំពុង រង់ចាំមើលថា តើតុលាការ ICC នឹងត្រូវជ្រើសរើសការសម្រេចចិត្តដោយរបៀបណានាពេលខាងមុខនេះ៕