(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានសម្រេចទទួលយកញត្តិតវ៉ាមួយ ដែលមានគោលដៅស្វែងរក ការដកហូតតំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ថាវីស៉ីន ជុំវិញរឿងតែងតាំងអតីតមេធាវីដែលធ្លាប់ជាប់ទោសម្នាក់ ឱ្យកាន់តួនាទីជា​រដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

នាពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាថៃមួយក្រុម ដែលបានដាក់ញត្តិតវ៉ាទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីឱ្យតុលាការពិចារណាដកហូត​តំណែងលោក សេដ្ឋា ហើយទន្ទឹមគ្នានោះ ឱ្យព្យួរតំណែងរបស់លោក ជាបណ្តោះអាសន្នសិន ដោយពួកគេបានចោទប្រកាន់ថា ការតែងតាំង​លោក Pichit Chuenban កាលពីខែមេសាកន្លងទៅ ឱ្យក្លាយជាសមាជិកនៃគណៈរដ្ឋមន្រ្តីរបស់លោក គឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញ។ ទោះបី​នៅថ្ងៃព្រហស្បតិ៍នេះ តុលាការធម្មនុញ្ញ បានទទួលយកសំណើនោះក៏ដោយ លោក សេដ្ឋា មិនត្រូវបានព្យួរតួនាទីជានាយករដ្ឋមន្រ្តីឡើយ ដោយនៅរង់ចាំការសម្រេចចិត្ត នាពេលក្រោយទៀតរបស់តុលាការ ក្នុងសំណុំរឿងនេះ។

លោក Pichit បានលាលែងពីតួនាទី ជារដ្ឋមន្រ្តីនៅការិយាល័យនាយករដ្ឋមន្រ្តីថៃវិញ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងគោលបំណងដើម្បី​ចង់ជួយឱ្យលោក សេដ្ឋា បានលួចផុតពីសំណុំរឿងខាងលើ។ សរុបមក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ រដ្ឋាភិបាលលោក សេដ្ឋា បានមើលឃើញ រដ្ឋមន្រ្តីសរុប៣រូបហើយ ចាកចេញពីតំណែង។ លោក Pichit ត្រូវគេស្គាល់ថា ជាមនុស្សជិតស្និទ្ធនឹងគ្រួសារត្រកូល ស៉ីណាវ៉ាត់។ ក្នុងនាមជាមេធាវី រូបលោកបានតតាំងក្តីប៉ុន្តែបរាជ័យ ក្នុងសំណុំរឿងធំៗនៅតុលាការ ដែលត្រូវបានធ្វើឡើងប្រឆាំង អតីតនាយករដ្ឋមន្រ្តីថៃលោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ ហើយនិងបងប្រុសលោកស្រី គឺលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែលជាអតីតនាយករដ្ឋមន្រ្តីដូចគ្នា និងជាស្ថាបិកបក្សកាន់អំណាច ភឿថៃ របស់លោក សេដ្ឋា។

កាលពីឆ្នាំ២០០៨ លោក Pichit ធ្លាប់ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៦ខែ ក្រោមការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្រ្តីតុលាការ ជាមួយប្រាក់២លានបាត (៥៥,០០០ដុល្លារ) ហើយអាជ្ញាបណ្ណមេធាវីរបស់លោក ត្រូវបានព្យួររយៈពេល៥ឆ្នាំ។ សមាជិកព្រឹទ្ធសភាថៃសរុបប្រមាណ ៤០រូប បានចោទប្រកាន់ថា លោក សេដ្ឋា បានរំលោភរដ្ឋធម្មនុញ្ញ តាមរយៈការតែងតាំងលោក Pichit ដែលខ្វះភាពសុចរិតទៀងត្រង់ និងស្តង់ដាសីលធម៌ ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ដើម្បីអាចកាន់តំណែង ជារដ្ឋមន្រ្តី។

គួរបញ្ជាក់ថា កន្លងមក ខាងរដ្ឋាភិបាលថៃ បានអះអាងថា ខ្លួនបានពិនិត្យយ៉ាងល្អិតល្អន់បំផុត លើគុណវឌ្ឍិរបស់លោក Pichit ហើយមាន​ភាពជឿជាក់ខ្ពស់ថា ខ្លួនអាចនឹងការពារការសម្រេចចិត្តតែងតាំងរូបលោក នៅតុលាការបាន។ ដោយឡែក ខាងក្រុមអ្នករិះគន់វិញ បាននិយាយថា លោក Pichit បានតំណែងជារដ្ឋមន្រ្តី ដោយសារតែទំនាក់ទំនងជិតដិតជាមួយលោក ថាក់ស៉ីន ដែលជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ នៅក្នុង​ប្រទេសថៃ អស់រយៈពេលជាង២ទសវត្សរ៍មកហើយ៕