(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប៉ូឡូញបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីទិញប្រព័ន្ធឈ្លបយកការណ៍ដែនអាកាស តម្លៃ ៩៦០លានដុល្លារ សម្រាប់បម្រើដល់ការងារត្រួតពិនិត្យព្រំដែនភាគឦសាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

លោក Wladyslaw Kosiniak-Kamysz បានបញ្ជាក់ថា «ប៉ូឡូញនឹងក្លាយជាប្រទេសទី២ នៃពិភពលោក ដែលប្រើប្រាស់ប្រព័ន្ធឈ្លបយកការណ៍នេះ។ កិច្ចព្រមព្រៀងនេះ កំណត់ពីសន្តិសុខរបស់យើង ហើយវាជាសកម្មភាពមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងប៉ូឡូញ និងសហរដ្ឋអាមេរិក»

ក្រោមកិច្ចព្រមព្រៀងនេះ ប៉ូឡូញនឹងទទួលបានបាឡុងឈ្លបយកការណ៍ ៤គ្រឿង ដែលនឹងត្រូវដាក់ឱ្យឈរជើងនៅតាមប៉ុស្តិ៍យាម តាមបណ្តោយព្រំដែនភាគខាងកើត ភាគឦសាននៃប្រទេស ដើម្បីជួយដល់ប្រព័ន្ធការពារអាកាស និងប្រព័ន្ធតាមដាននៅឯឆ្នេរសមុទ្រ។

គួរបញ្ជាក់ថា ប៉ូឡូញ បានបង្កើនការចំណាយលើវិស័យការពារជាតិនៅក្នុងឆ្នាំនេះ ឱ្យដល់ប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈស្វែងរកការពង្រឹង កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។ ប៉ូឡូញ ក៏មានបំណងវិនិយោគគិតជាទឹកប្រាក់ ២.៦ពាន់លានដុល្លារ លើការការពារព្រំដែន ភាគខាងកើតផងដែរ៕