(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពីថ្ងៃទី២២ ខែឧសភា បានប្រកាសពីការរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី៤ ខែកក្កដាខាងមុខនេះដោយ និយាយថាប្រជាជនអង់គ្លេសនឹងអាចជ្រើសរើសមេដឹកនាំថ្មីរបស់ពួកគេ នៅក្នុងការបោះឆ្នោតមួយដែលគណបក្សអភិរក្សនិយមរបស់លោកត្រូវបានគេរំពឹងថានឹងបរាជ័យក្រោម ថ្វីដៃគណបក្សពលករ (Labour Party) ដែលជាបក្សប្រឆាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅខាងមុខ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស 10 Downing Street ក្នុងទីក្រុងឡុងដ៍ លោក Sunak បានគូសបញ្ជាក់ដូច្នេះថា «ឥលូវគឺជាពេលសម្រាប់ប្រជាជន អង់គ្លេសជ្រើសរើសអនាគតរបស់ខ្លួន ជាជម្រើសសម្រាប់អ្នកបោះឆ្នោតថាពួកគេចង់់បន្តទៅមុខជាមួយភាពរីកចម្រើនដែលយើងសម្រេចបាន ឬក៏ចង់ចាប់ផ្ដើមពីចំណុចសូន្យ មកវិញ»

គួរបញ្ជាក់ថា គណបក្សអភិរក្សនិយមរបស់លោក Rishi Sunak បានដឹកនាំរដ្ឋាភិបាលអង់គ្លេសអស់រយ​ៈពេលជាង ១៤ឆ្នាំមកហើយ។ ប៉ុន្តែ ការស្ទង់មតិបង្ហាញថា គណបក្សពលករ បាននាំមុខគណបក្សអភិរក្សនិយមដល់ទៅ ២០ពិន្ទុ ចាប់តាំងពីចុងឆ្នាំ២០២១មក ពោលមុននឹងលោក Sunak ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៅខតុលា ឆ្នាំដដែលនោះ។ ការបោះឆ្នោតសកលនៅអង់គ្លេស ត្រូវរៀបចំឡើងរៀងរាល់៥ឆ្នាំម្ដង តែកាលបរិច្ឆេទគឺនាយករដ្ឋមន្ត្រីជាអ្នកជ្រើសរើស៕