(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ ទី២២ ខែឧសភានេះ បានស្នើសុំយ៉ាងទទូចសម្រាប់ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធការពារដែនអាកាស ដើ​ម្បីការពារទីក្រុងរបស់អ៊ុយក្រែនប្រឆាំងនឹងគ្រាប់បែកវៃឆ្លាត ឬ guided bombs ដែលលោកចាត់ទុកថាបានក្លាយជាអាវុធដ៏សំខាន់ត្រូវបានរុស្ស៉ីប្រើប្រាស់ក្នុងការវាយប្រហារ នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានអំពាវនាវជាយូរណាស់មកហើយ សម្រាប់ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធការពារដែនអាកាស ខណៈរុស្ស៉ីបង្កើនការវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ ជាថ្មីម្ដងទៀត ក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃពុធ លោក ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនមានភាពរីកចម្រើនក្នុងការអភិវឌ្ឍអាវុធ អេឡិចត្រូនិក ប៉ុន្តែនៅក្នុងការទប់ទល់ជាមួយគ្រាប់បែករុស្ស៉ីមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «វាមិនមាន ជម្រើសអ្វីផ្សេងទេ។ អ៊ុយក្រែនត្រូវការប្រព័ន្ធ និងតាក់ទិកដែលអនុញ្ញាតឱ្យយើងការពារទីតាំងរបស់យើង ទីក្រុងរបស់យើង និងសហគមន៍របស់យើងពីគ្រាប់បែកទាំងនេះដែល បច្ចុប្បន្ន បានក្លាយជាអាវុធដ៏សំខាន់ត្រូវបានរុស្ស៉ីប្រើប្រាស់នៅក្នុងការវាយប្រហាររបស់ពួកគេ»

គួរបញ្ជាក់ថា កាលពីដើមខែឧសភានេះ លោក ហ្សេលេនស្គី បាននិយាយថារុស្ស៉ីបានប្រើប្រាស់គ្រាប់បែកវៃឆ្លាត ជាង ៣២០០គ្រាប់ ប្រឆាំងនឹងអ៊ុយក្រែន ពេញមួយខែមេសា កន្លងទៅ រួមជាមួយមីស៊ីលជាង ៣០០គ្រាប់ និងដ្រូន Shahed ៣០០គ្រឿង៕