(ប៉េកាំង)៖ យោធាចិន នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី មេដឹកនាំថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te ស្បថចូលកាន់តំណែងជាផ្លូវការ និងអំពាវនាវឱ្យប៉េកាំងបញ្ឈប់រាល់ការសម្លុតគំរាមទាំងផ្នែកយោធា និងនយោបាយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថាទីបញ្ជាការប្រចាំភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន​ PLA បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅម៉ោង ៧៖៤៥នាទីព្រឹក នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅផ្នែកខាងជើង ខាងត្បូង និងខាងកើតកោះតៃវ៉ាន់ រួមទាំងក្នុងតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ផងដែរ។ អ្នកនាំពាក្យយោធាចិន លោក Li Xi បានប្រាប់ Xinhua ថាការធ្វើសមយុទ្ធនេះគឺជាការដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើ សកម្មភាពផ្ដាច់ខ្លួននៃកងកម្លាំងទាមទារឯករាជ្យសម្រាប់តៃវ៉ាន់ ហើយក៏ជាសារព្រមានមួយប្រឆាំងការលូកលាន់ និងបង្ករឿងពីកងកម្លាំងខាងក្រៅផងដែរ។

ជាមួយគ្នានោះដែរ តៃវ៉ាន់ បានថ្កោលទោសសមយុទ្ធយោធារបស់ចិនដោយចាត់ទុកថាជាការបង្ករឿងដោយគ្មានហេតុផល។ «ក្រសួងការពារជាតិថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្ករឿងគ្មានហេតុផល និងសកម្មភាពដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់...ហើយយើងបានបញ្ជូនកងកម្លាំងអាកាស ជើងទឹក និងជើងគោក ដើម្បី ឆ្លើយតប...ដើម្បីការសេរីភាព ប្រជាធិបតេយ្យ និងអធិបតេយ្យរបស់សាធារណរដ្ឋចិន (តៃវ៉ាន់)»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់ចិន ធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lai Ching-te បានស្បថចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មី កាលពីថ្ងៃទី២០ ខែឧសភា ជាមួយការអំពាវនាវឱ្យទីក្រុងប៉េកាំងបញ្ឈប់រាល់ការសម្លុតគំរាមលើតៃវ៉ាន់។ ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានព្រមានជារឿយៗថានឹង ប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់៕