(បាងកក)៖ យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក, បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស៣០នាក់ នេះបើយោងតាមសារព័ត៌មាន Reuters ចេញមុននេះបន្តិច នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

យន្តហោះ Singapore Airlines ដែលធ្វើការចុះចតជាបន្ទាន់ គឺជាជើងហោះហើរពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ទៅកាន់ប្រទេសសឹង្ហបុរី តែបង្ខំចុះចតជាបន្ទាន់នៅទីក្រុងបាងកក។

យន្តហោះជាប្រភេទ Boeing777-300ER ដឹកអ្នកដំណើរ២១១នាក់ សហសេវិកសរុប១៨នាក់។

គួរបញ្ជាក់ថា ទោះបីជាស្ថានភាពញ័រខ្លាំងដោយសារសម្ពាធខ្សល់ គឺជាមូលហេតុទូទៅបំផុតនៃគ្រោះថ្នាក់យន្តហោះ ប៉ុន្តែស្ថានភាពបែបនេះ គឺកម្រនឹងបណ្តាលឱ្យមានការខូចខាតយន្តហោះ ឬស្លាប់ណាស់។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតមួយនៅលើពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍នេះ មិនមានឧប្បត្តិហេតុធំណាមួយទេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយគ្រោះថ្នាក់ចុងក្រោយរបស់ខ្លួន បានកើតឡើងនៅឆ្នាំ២០០០ ដោយសារកំហុសផ្លូវរត់ មិនមែនស្ថានភាពញ័រដោយសារសម្ពាធខ្យល់នោះទេ៕