(ប៉េកាំង)៖ ថ្ងៃទី២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mukhbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ លោក Xi Jinping បានតាំងនាមរដ្ឋាភិបាលនិងប្រជាជនចិន ចូលរួមរំលែកទុក្ខយ៉ាងគ្រៀមក្រំ និងសម្តែងការសួរសុខទុក្ខដោយស្មោះចំពោះលោក Mukhbel អនុប្រធានាធិបតីទី១ ញាតិសន្តានរបស់លោកប្រធានាធិបតី Raisi ព្រមទាំងរដ្ឋាភិបាលនិងប្រជាជនអ៊ីរ៉ង់។

លោក Xi Jinping បានគូសបញ្ជាក់ថា ចាប់តាំងពីលោកប្រធានាធិបតី Raisi ឡើងកាន់មុខតំណែងមក បានរួមចំណែកដ៏សំខាន់ ក្នុងការការពារសន្តិសុខនិងស្ថិរភាពអ៊ីរ៉ង់ និងជំរុញការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសជាតិ ក៏ដូចជាបានធ្វើ ការខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីរ៉ង់ ។ ការរងគ្រោះរបស់លោកប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជនអ៊ីរ៉ង់ ហើយប្រជាជនចិនក៏បានបាត់បង់មិត្តល្អមួយរូប ផងដែរ។ រដ្ឋាភិបាលនិងប្រជាជនចិនយកចិត្តទុកដាក់ ចំពោះមិត្តភាពប្រពៃណីរវាងចិននិងអ៊ីរ៉ង់ ជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួម របស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអ៊ីរ៉ង់មុខជានឹងអាចពង្រឹងនិងពង្រីកនិង អភិវឌ្ឍជាបន្តបន្ទាប់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន