(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបាននិយាយថា ខ្លួនសង្ឃឹមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងប្រកាន់គោលជំហរសត្យានុម័ត បន្ទាប់ពី​រដ្ឋអាជ្ញាម្នាក់ បានស្នើឱ្យមានការចេញដីការចាប់ខ្លួន សម្រាប់ថ្នាក់ដឹកនាំអ៉ីស្រាអែល ក្នុងនោះរួមមានទាំង នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ហើយនិងថ្នាក់ដឹកនាំរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋអាជ្ញារបស់ ICC លោក Karim Kham កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា រូបលោកបានដាក់សំណើជាផ្លូវការ ដើម្បីឱ្យតុលាការអន្តរជាតិមួយនេះ ចេញដីការចាប់ខ្លួន ក្រោមបទសង្ស័យឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៉ីស្រាអែល និងក្រុមហាម៉ាស ជុំវិញវិបត្តិសង្រ្គាមនៅ​តំបន់ Gaza Strip។ នៅពេលត្រូវបានសាកសួរអំពីការសម្រេចចិត្តខាងលើ នាថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបយ៉ាងដូច្នេះថា «យើងសង្ឃឹមថា ICC នឹងប្រកាន់ជំហរមួយ ដែលមានសត្យានុម័តនិងមិនមានភាពលម្អៀង ហើយប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ដោយស្របទៅតាមច្បាប់អន្តរជាតិ»

លោក Khan បានលើកឡើងថា លោកបានស្នើសុំដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu រួមទាំងរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ហើយនិងមេដឹកនាំហាម៉ាស លោក Yahya Sinwar ក៏ដូចជាថ្នាក់ដឹកនាំហាម៉ាស ២នាក់ទៀត ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម។ តែទាំងអ៉ីស្រាអែល និងហាម៉ាសសុទ្ធតែបង្ហាញការខឹងសម្បារ និងថ្កោលទោសការស្នើសុំដីកាចាប់ខ្លួន ប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ពួកគេ។

គួរបញ្ជាក់ថា តាំងពីដើមមក ចិនតែងតែបានបង្ហាញក្តីអាណិតអាសូរ ចំពោះបុព្វហេតុជនជាតិប៉ាឡេស្ទីន ហើយគាំទ្រដំណោះស្រាយរដ្ឋពីរ សម្រាប់បញ្ហាជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ កន្លងមក ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក៏បានអំពាវនាវផងដែរ ឱ្យមានការរៀបចំ សន្និសីទសន្តិភាពអន្តរជាតិមួយ ដើម្បីដោះស្រាយការប្រយុទ្ធបង្ហូរឈាមគ្នាថ្មីចុងក្រោយបំផុត រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលបាន​ផ្ទុះឡើងតាំងតែពីខែតុលា ឆ្នាំ២០២៣៕