(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ទីក្រុងប៉េកាំងបាននិយាយថា នយោបាយផ្ទៃក្នុងរបស់តៃវ៉ាន់ គឺមិនអាចផ្លាស់ប្តូរការពិតដែលថា ដែនកោះនេះជា​ផ្នែកមួយនៃប្រទេសចិននោះឡើយ ហើយថែមទាំងព្រមានថា កិច្ចប្រឹងប្រែងដែលសំដៅរកឯករាជ្យតៃវ៉ាន់ គឺជាផ្លូវទាល់ច្រក បន្ទាប់ពីតៃវ៉ាន់ ទើបតែស្បថចូលកាន់តំណែងមេដឹកនាំថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

នៅពេលត្រូវបានសាកសួរ អំពីការស្បថចូលកាន់តំណែងរបស់លោក Lai Ching-te នាថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ឯករាជ្យតៃវ៉ាន់ គឺជាផ្លូវទាល់ច្រក។ លោក Wang បានបន្ថែមថា ទោះស្ថិតនៅក្រោមរូបរាង ឬរូបភាពណាក៏ដោយ កិច្ចប្រឹងប្រែងចង់បានឯករាជ្យ និងការផ្តាច់ខ្លួនសម្រាប់តៃវ៉ាន់ គឺមុខជានឹងបរាជ័យមិនខាន។

អ្នកនាំពាក្យចិនរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ទោះបីស្ថានការណ៍នយោបាយផ្ទៃក្នុង នៅតៃវ៉ាន់ មានការប្រែប្រួលយ៉ាងណាក៏ដោយ វានឹងមិនអាចផ្លាស់ប្តូរ ការពិតជាក់ស្តែង ដោយផ្អែកលើ​ប្រវត្តិសាស្រ្តនិងផ្លូវច្បាប់ ដែលថា ភាគីនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាចិនតែមួយ នោះឡើយ។ ការបង្រួបបង្រួមគ្នាទាំងស្រុងរបស់ប្រទេសចិន នឹងមកដល់នាថ្ងៃណាមួយ ដោយចៀសមិនផុតទេ»។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន ហើយមិនដែលប្រកាសបោះបង់ចោលជម្រើស នៃការបង្រួបបង្រួមគ្នាវិញ ជាមួយតៃវ៉ាន់ ដោយប្រើប្រាស់កម្លាំងយោធាឡើយ ប្រសិនបើចាំបាច់។ មេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te ត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលចង់បំបែករដ្ឋ ដ៏គ្រោះថ្នាក់ម្នាក់ ដោយសារតែពាក្យសម្តីពីមុនមករបស់លោក ពាក់ព័ន្ធឯករាជ្យតៃវ៉ាន់៕